**ក្រសួងធម្មការនិងសាសនា ប្រកាសជំទាស់ដាច់ខាតចំពោះសកម្មភាពយោធាថៃ តម្កល់ព្រះពុទ្ធប្បដិមាលើដែនអធិបតេយ្យភាពកម្ពុជា**

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ដោយប្រកាសតវ៉ាជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកសាង និងតម្កល់ព្រះពុទ្ធប្បដិមា នៅតំបន់ភូមិអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រសួងបានចាត់ទុកសកម្មភាពនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការផ្ទុយស្រឡះទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទឹកដី។ លើសពីនេះ សកម្មភាពខាងលើនេះក៏ផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងអនុស្សារណៈនានា ដែលតម្រូវឱ្យភាគីទាំងពីរត្រូវចៀសវាងការអនុវត្តវិធានការជាឯកតោភាគីនៅក្នុងតំបន់មានជម្លោះ។

ក្រសួងធម្មការនិងសាសនាសូមអំពាវនាវដល់យោធាថៃ ឱ្យចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌ និងស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់។

Share:

Author: sopheakdpdnews

Leave a Reply