ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា បណ្តាញឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដោយពង្រាយប្រតិបត្តិការទៅកាន់ទីតាំងតូចៗ ឬលំនៅដ្ឋានឯកជន ដែលបង្កជាបញ្ហាប្រឈមថ្មី និងស្មុគស្មាញដល់កិច្ចប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជាកំពុងកសាង «ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្មី ក្រោមការណែនាំពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់។
ច្បាប់ថ្មីនេះ រួមជាមួយ «ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ដែលមានស្រាប់ នឹងបិទរាល់ច្រកល្ហកផ្លូវច្បាប់ និងធានាការផ្តន្ទាទោសធ្ងន់ធ្ងរ។ ជាក់ស្តែង អាជ្ញាធរភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យជាង ២,៧០០ កន្លែង និងបង្ក្រាបបាន ៤០ ករណី ដោយឃាត់ខ្លួនជនបរទេសជាង ២៨០ នាក់ មកពី ១៣ សញ្ជាតិ ក្នុងរយៈពេល ១៥ ថ្ងៃ ដើមខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ជាច្រើនលើកពីការប្តេជ្ញាចិត្តមិនងាករេរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មទាំងនេះ ដើម្បីការពារសន្តិសុខសាធារណៈ និងកេរ្តិ៍ឈ្មោះប្រទេស។




















