**អធិការរងនគរបាលស្រុកស្ទឹងត្រង់ រងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សានៅក្នុងកម្មវិធីប្រដាល់ និងកំពុងបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម**

**(ខេត្តកំពង់ចាម)៖** នាយនគរបាលជាន់ខ្ពស់មួយរូបនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់ស្មារតី ក្នុងខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយក្រុមក្មេងស្ទាវនៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។

យោងតាមរបាយការណ៍ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អត្តលេខ ៥៨៥៣៥ ឋានៈជាអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងចុះល្បាតដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រឃុំព្រែកកក់។ លុះមកដល់វេលាម៉ោង ២៣:០៥ នាទីយប់ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីហិង្សាកើតឡើងរវាងក្រុមក្មេងស្ទាវ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ដែលជាទីតាំងប្រារព្ធកម្មវិធីប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ Town។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីទប់ស្កាត់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនបង្ក ស្រាប់តែមានជនសង្ស័យម្នាក់បានប្រើប្រាស់ឧបករណ៍មុតស្រួច ចាក់ទៅលើលោកអធិការរងចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន ០២ កន្លែង បណ្តាលឱ្យលោកដួលសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង។

ភ្លាមៗនោះ កម្លាំងនគរបាលបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាននៅកន្លែងកើតហេតុ ដើម្បីនាំខ្លួនមកសាកសួរ និងចងក្រងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ដោយឡែក ចំពោះស្ថានភាពសុខភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំង (មានឈាមកកក្នុងខួរក្បាល) ក្រុមគ្រូពេទ្យជំនាញបានសម្រេចបញ្ជូនលោកបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយក្រុមគ្រួសារ និងអង្គភាព កំពុងរៀបចំបញ្ជូនលោកទៅសង្គ្រោះបន្ទាន់បន្តនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា នេះគឺជាការលះបង់ដ៏ធំធេងរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាសាធារណជន បានសម្តែងនូវការសោកស្តាយ និងជូនពរឱ្យលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ឆាប់រហូតឆ្លងផុតពីគ្រោះថ្នាក់ និងឆាប់រឹងមាំឡើងវិញ ដើម្បីបន្តបម្រើជាតិមាតុភូមិ៕

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *