អាជីវករនិងមន្ត្រីមូលដ្ឋានទម្លាយរឿងអាស្រូវពុករលួយ៖ មន្ត្រីពេទ្យសត្វខេត្តកណ្ដាលរងការចោទប្រកាន់ថា បានកំណត់យកលុយប្រចាំខែពីអ្នកលក់សាច់ដោយខុសច្បាប់ និងគ្មានវិក្កយបត្រ

(កណ្ដាល)៖ អាជីវករលក់សាច់ជ្រូក និងសាច់គោ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីពេទ្យសត្វខេត្ត ដែលបានកំណត់យកលុយប្រចាំខែពីពួកគេ ចាប់ពី ៧០,០០០ រៀល ដល់ ១០០,០០០ រៀល ក្នុងមួយជ្រញ់។ ភាពមិនប្រក្រតីនេះ ត្រូវបានមន្ត្រីកសិកម្មមូលដ្ឋានទទួលស្គាល់ថា ជាទម្លាប់អាក្រក់ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ខណៈដែលថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តហាក់បង្ហាញជំហរបដិសេធ និងចង់ស្វែងរកមុខអាជីវករដែលហ៊ានបញ្ចេញព័ត៌មាននេះទៅវិញ។

លោក ស្រ៊ុន លាងហួរ ប្រធានការិយាល័យកសិកម្មស្រុកខ្សាច់កណ្ដាល បានថ្លែងទទួលស្គាល់ជាសាធារណៈថា ការប្រមូលប្រាក់ពីអាជីវករតាមផ្សារ និងតាមភូមិក្នុងស្រុកខ្សាច់កណ្ដាលនេះ គឺជាការពិត។ លោកបានបញ្ជាក់ថា ការបង់ប្រាក់នេះមិនមានចេញវិក្កយបត្រ ឬបង្កាន់ដៃបង់ពន្ធត្រឹមត្រូវនោះទេ ដែលនេះអាចជាការកេងប្រវ័ញ្ចក្រោមរូបភាពបង់ពន្ធចូលរដ្ឋ ប៉ុន្តែបែរជាហូរចូលហោប៉ាវបុគ្គលទៅវិញ។ លោកបានសង្កត់ធ្ងន់ថា អ្នកដែលចុះប្រមូលផ្ទាល់ គឺមន្ត្រីមកពីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល។

យោងតាមការផ្ដល់បទសម្ភាសន៍ពីក្រុមអាជីវករនៅផ្សារព្រែកតាមាក់ និងផ្សារវិហារសួគ៌ បានឱ្យដឹងថា បន្ទុកចំណាយរបស់ពួកគេមានច្រើនជាន់ថ្នាក់ រួមមាន៖

១. ថ្លៃសត្តឃាតដ្ឋាន (កុងស៊ី)៖ ៥,០០០ រៀល ក្នុងជ្រូក ១ ក្បាល។

២. ថ្លៃបន្តអាជ្ញាប័ណ្ណប្រចាំឆ្នាំ៖ ១,០០០,០០០ រៀល ទៅ ១,៣០០,០០០ រៀល។

៣. ថ្លៃ “លុយខែ” បង់ឱ្យពេទ្យសត្វ៖ ៧០,០០០ រៀល ទៅ ១០០,០០០ រៀល (ជាកំហិត)។

ដោយឡែក សម្រាប់អាជីវករលក់សាច់គោ ត្រូវបង់ថ្លៃបន្តអាជ្ញាប័ណ្ណពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយឆ្នាំ និងអ្នកសុំច្បាប់ថ្មីត្រូវចំណាយចន្លោះពី ៥០០ ទៅ ៧០០ ដុល្លារក្នុងមួយជ្រញ់។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្ដាល បានបង្ហាញប្រតិកម្មដោយចោទសួរត្រឡប់មកវិញនូវប្រភពព័ត៌មាន និងចង់ឱ្យមានការជួបមុខគ្នាផ្ទាល់រវាងអាជីវករ និងមន្ត្រីរបស់លោក ដើម្បីផ្ទៀងផ្ទាត់ការពិត។ ចំណែកលោក លឹម ងួនគ្រុយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលស្តីទី បានបដិសេធថា លោកមិនបានជ្រាបអំពីការយកលុយខែនេះទេ និងបានដាក់ការសង្ស័យទៅលើម្ចាស់ភាស៊ីផ្សារថាជាអ្នកប្រមូលទៅវិញ។

ជុំវិញករណីនេះ គេសង្កេតឃើញថាមានភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងការអះអាងរបស់មន្ត្រីកសិកម្មស្រុក និងថ្នាក់ដឹកនាំមន្ទីរខេត្ត។ អាជីវករ និងមហាជនបានអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម, អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីលុបបំបាត់វប្បធម៌ “ជម្រិតទារប្រាក់” ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងផ្ទុយពីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

អង្គភាពសារព័ត៌មាន KPDNEWS នឹងបន្តតាមដានករណីនេះ ដើម្បីផ្សាយជូននូវព័ត៌មានថ្មីៗបន្ថែមទៀត ប្រសិនបើមានការបកស្រាយពីភាគីពាក់ព័ន្ធណាមួយ។

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *