ករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់នៅស្រុកកៀនស្វាយ៖ បុរសជាប្តីចាក់សម្លាប់ភរិយា រួចសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ ករណីហិង្សាក្នុងគ្រួសារដ៏សោកសៅមួយបានកើតឡើង បណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីប្តីចាក់សម្លាប់ប្រពន្ធ រួចធ្វើអត្តឃាតតាមក្រោយ ស្ថិតនៅចំណុចវាលស្រែប្រជាពលរដ្ឋក្នុងភូមិរ៉ូទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១២:៥៣ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ យោងតាមប្រភពព័ត៌មានបឋម បុរសជាប្តីបានប្រើប្រាស់អាវុធមុតស្រួចចាក់សម្លាប់ភរិយាជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅក្នុងដីស្រែ។ ភ្លាមៗក្រោយបង្កហេតុ បុរសជាប្តីបានសម្រេចចិត្តចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុជាមួយគ្នា។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យវិភាគកោសល្យវិច័យ និងរៀបចំបញ្ជូនសពតាមនីតិវិធី។ ចំពោះមូលហេតុដែលនាំឱ្យឈានដល់អំពើឃាតកម្ម និងអត្តឃាតនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវព័ត៌មានបន្ថែមពីក្រុមគ្រួសារ និងសាក្សីជុំវិញកន្លែងកើតហេតុ។

KPDNEWS សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព និងសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ការអត់ធ្មត់ និងដោះស្រាយបញ្ហាគ្រួសារតាមផ្លូវច្បាប់ ដើម្បីជៀសវាងអំពើហិង្សាដែលនាំឱ្យមានវិប្បដិសារីមិនអាចស្រោចស្រង់បាន។

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *