រដ្ឋបាលខេត្តប៉ៃលិន បដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតស្តីពី «ការឈ្លានពានទឹកដីពីសំណាក់ភាគីថៃ»

រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីថ្លែងការណ៍បដិសេធជាផ្លូវការ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ «កាមទេព លឹមហុង» ដែលបានចោទប្រកាន់ថាមានការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ភាគីថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លឹមសារដែលបានចែកចាយនោះគឺជា «ព័ត៌មានក្លែងក្លាយ» បំភ័ន្តសាធារណជន និងគ្មានមូលដ្ឋានការពិតទាល់តែសោះ។ ក្នុងសេចក្តីបដិសេធនេះ អាជ្ញាធរបានសង្កត់ធ្ងន់ថា កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ដោយធានាថាមិនមានការរំលោភបំពានណាមួយកើតឡើងនោះទេ។

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់៖ ១. បញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះជាបន្ទាន់ ដើម្បីជៀសវាងការបង្កចលាចល និងការយល់ច្រឡំ។ ២. ត្រូវតាមដាន និងទទួលយកព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តតែប៉ុណ្ណោះ។

អាជ្ញាធរនឹងបន្តចាត់វិធានការតាមដានរាល់ការផ្សព្វផ្សាយទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *