**(រាជធានីភ្នំពេញ)៖** យោងតាមសេចក្ដីសម្រេចផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាពព័ត៌មាន KPDNEWS ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបញ្ចប់ភារកិច្ចមន្ត្រីម្នាក់ ដែលមានតួនាទីប្រចាំការនៅស្ថានីយជញ្ជីងអចល័តកណ្ដោលដុំ ខេត្តកំពង់ស្ពឺ ក្រោយពីមានការរាយការណ៍អំពីភាពមិនប្រក្រតី និងការប្រព្រឹត្តកាយវិការមិនសមរម្យក្នុងវិជ្ជាជីវៈ។
សេចក្ដីសម្រេចខាងលើបានបញ្ជាក់ថា បុគ្គលដែលត្រូវបានបញ្ចប់ភារកិច្ចមានឈ្មោះ លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ ១៧០០៣០០០៥១។ តាមរយៈប្រការ ១ នៃប្រកាសនេះ លោកត្រូវបានដកចេញពីភារកិច្ចនៅស្ថានីយជញ្ជីងអចល័តកណ្ដោលដុំ ខេត្តកំពង់ស្ពឺ ហើយត្រូវបញ្ជូនឱ្យទៅបម្រើការងារនៅអង្គភាពដើមវិញជាកំហិត។
ផ្អែកតាមអង្គហេតុដែលបានចែកចាយនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បានឱ្យដឹងថា មានករណីជម្លោះដ៏តានតឹងមួយបានកើតឡើងរវាងភ្នាក់ងារគ្រប់គ្រងជញ្ជីង និងអ្នកបើកបររថយន្តដឹកជញ្ជូនឥដ្ឋមួយគ្រឿង។ តាមការបំភ្លឺរបស់អ្នកបើកបរបានរៀបរាប់ថា រថយន្តរបស់លោកមានទម្ងន់សរុបត្រឹមតែ ៤០ តោន និង ៥០០ គីឡូក្រាមប៉ុណ្ណោះ កាលពីចាកចេញពីចំណុចដើមទី។ ក៏ប៉ុន្តែ នៅពេលមកដល់ស្ថានីយជញ្ជីងកណ្ដោលដុំ ទម្ងន់រថយន្តបានហក់ឡើងដល់ ៤២ តោន ដែលខុសគ្នាពីទម្ងន់ដើមរហូតដល់ ១ តោនកន្លះ។
ប្រភពដដែលបានបន្តថា នៅពេលដែលភាគីអ្នកបើកបរព្យាយាមតវ៉ា និងសាកសួរជុំវិញភាពខុសគ្នានៃទម្ងន់នេះ ស្រាប់តែមន្ត្រីប្រចាំការនៅទីនោះបានបង្ហាញអាការៈខឹងសម្បារ ព្រមទាំងបានប្រើប្រាស់នូវសម្តីអសុរោះ ជេរប្រមាថ និងមានចេតនាប្រើប្រាស់ហិង្សាមកលើរូបលោកថែមទៀតផង។ សកម្មភាពនេះត្រូវបានចាត់ទុកថាជាការរំលោភលើក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ថាប័នរដ្ឋ។
នៅក្នុងប្រការ ២ នៃសេចក្ដីសម្រេចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបង្គាប់ឱ្យ នាយកខុទ្ទកាល័យ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អគ្គនាយកដ្ឋានពាក់ព័ន្ធ អគ្គាធិការដ្ឋាន និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ការសម្រេចវិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់នេះ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកែទម្រង់ស្ថាប័ន និងការពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីធានាបាននូវតម្លាភាព សុចរិតភាព និងសេវាសាធារណៈដែលប្រកបដោយសីលធម៌ខ្ពស់ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករដឹកជញ្ជូនទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែអំពាវនាវដល់សាធារណជន ឱ្យចូលរួមសហការរាយការណ៍រាល់ភាពមិនប្រក្រតីទាំងឡាយណា ដែលកើតមានឡើងក្នុងវិស័យដឹកជញ្ជូន ដើម្បីរួមគ្នាស្ថាបនា និងលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងសង្គមជាតិ៕



















