**ព្រៃវែង ៖** ក្នុងស្មារតីរឹតបន្តឹងការអនុវត្តច្បាប់ និងដើម្បីការពារនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមត្រួតពិនិត្យពិសេសនៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបើកយុទ្ធនាការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់យ៉ាងម៉ឺងម៉ាត់ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ប្រតិបត្តិការនេះត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមត្រួតពិនិត្យពិសេស តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារ និងមន្ត្រីជំនាញនៃស្ថានីយជញ្ជីងអ្នកលឿង។ កម្លាំងចម្រុះបានចុះអនុវត្តវិធានការច្បាប់នៅលើកំណាត់ផ្លូវជាតិលេខ៣១៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥ ដល់លេខ១៦ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាចំណុចគោលដៅយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យយានយន្តធុនធ្ងន់។
ជាលទ្ធផលនៃប្រតិបត្តិការឆ្មក់នេះ ក្រុមការងារជំនាញបានឃាត់ត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង។ យោងតាមទិន្នន័យបច្ចេកទេសពីជញ្ជីងថ្លឹងទម្ងន់ បានបង្ហាញឱ្យឃើញថា យានយន្តទាំង ៤គ្រឿងនោះ សុទ្ធសឹងតែបានល្មើសនឹងបទបញ្ញត្តិច្បាប់ ដោយដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន រហូតដល់ ១៨តោន។ បើគិតជាភាគរយ យានយន្តទាំងនោះបានផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី ៣៣% ដល់ ៦០% ដែលជាកម្រិតហានិភ័យខ្ពស់បំផុតក្នុងការបង្កឱ្យខូចខាតដល់គុណភាពផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកដំណើរដទៃទៀត។
ក្នុងការអនុវត្តវិធានការច្បាប់នេះ ក្រុមការងារបានប្រកាន់ខ្ជាប់នូវក្របខណ្ឌគតិយុត្ត និងបទដ្ឋានបច្ចេកទេសយ៉ាងតឹងរ៉ឹងបំផុត។ យានយន្តដែលរកឃើញថាមានកំហុសឆ្គង ត្រូវបានឃាត់ទុកដើម្បីចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងផាកពិន័យស្របតាមច្បាប់ស្តីពីផ្លូវគោក ដោយគ្មានការយោគយល់ ដើម្បីធានាបាននូវសមធម៌ និងតម្លាភាពក្នុងការអនុវត្តច្បាប់។
ឯកឧត្តម ឯក រដ្ឋ បានសង្កត់ធ្ងន់ថា ការចុះបង្ក្រាបនេះមិនមែនជាការរឹតត្បិតលើអាជីវកម្មដឹកជញ្ជូននោះទេ ប៉ុន្តែវាគឺជាការការពារសម្បត្តិសាធារណៈដែលជារបស់រដ្ឋ និងប្រជាពលរដ្ឋគ្រប់រូប។ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺជាដើមចមចម្បងដែលធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ និងតម្រូវឱ្យរដ្ឋចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការជួសជុលឡើងវិញ។
ជាមួយគ្នានេះ ក្រសួង និងគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ក៏បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្រុមការងារពិសេសនឹងបន្តសកម្មភាពចុះត្រួតពិនិត្យដូចភ្លៀងរលឹមនៅគ្រប់គោលដៅទូទាំងប្រទេស ដើម្បីលុបបំបាត់រាល់សកម្មភាពល្មើសច្បាប់ និងលើកកម្ពស់វប្បធម៌គោរពច្បាប់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕




















