**មហាជនស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ចំពោះករណីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ប្រើប្រាស់អាវុធបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ក្នុងជម្លោះបុគ្គល**

**(ខេត្តស្វាយរៀង)៖** ករណីមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ដែលមានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត នៃស្រុកស្វាយទាប បានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជន បន្ទាប់ពីលោកបានប្រើប្រាស់អាវុធជាតិផ្ទុះបាញ់ប្រហារទៅលើប្រជាពលរដ្ឋម្នាក់ បណ្តាលឱ្យរងរបួសបាក់ភ្លៅយ៉ាងធ្ងន់ធ្ងរ ក្នុងជម្លោះដែលត្រូវបានគេដឹងថាមានប្រភពចេញពីការទារប្រាក់ជំពាក់ចំនួន ១៥,០០០ រៀលតែប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនបង្កត្រូវបានគេស្គាល់អត្តសញ្ញាណគឺ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ចំណែកឯជនរងគ្រោះគឺជាបុរសម្នាក់រស់នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ចំនួន ១៥,០០០ រៀល ពីស្ត្រីម្នាក់ដែលបានជំពាក់រូបលោក។ ក្នុងឱកាសនោះ ក៏មានការទាស់ទែងពាក្យសម្តីគ្នា កើតមានឡើង រហូតស្ត្រីខាងលើបានប្តឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន។ ភ្លាមៗនោះ លោកមេភូមិបានរាយការណ៍បន្តទៅកាន់លោកនាយប៉ុស្តិ៍ អ៊ុន វ៉ាន់ថុល ដើម្បីចុះមកអន្តរាគមន៍ ដោយចោទប្រកាន់ថាជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

តាមការអះអាងពីប្រភពដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា លោកនាយប៉ុស្តិ៍បានចុះមកដល់ទីតាំងក្នុងស្ថានភាពស្រវឹង និងបានប្រើប្រាស់អាវុធបាញ់គំរាម ប៉ុន្តែបានបណ្តាលឱ្យត្រូវភ្លៅជនរងគ្រោះបណ្តាលឱ្យបាក់ឆ្អឹងរងរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុ លោកនាយប៉ុស្តិ៍ត្រូវបានគេរាយការណ៍ថា បានព្យាយាមលើកឡើងនូវលេសដោះបន្ទុកថា ជនរងគ្រោះបានប្រើប្រាស់កាំបិតបម្រុងនឹងចាក់តដៃមកលើរូបលោក ទើបលោកសម្រេចចិត្តបាញ់ការពារខ្លួន។ ទោះជាយ៉ាងណា សាក្សីនៅកន្លែងកើតហេតុបានបដិសេធចំពោះការអះអាងនេះ ដោយបញ្ជាក់ថាជនរងគ្រោះពុំមានសកម្មភាពតដៃដូចការចោទប្រកាន់នោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារព័ត៌មានបានព្យាយាមស្វែងរកការបកស្រាយពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែលោកពុំបានទទួលទូរស័ព្ទនោះទេ។ ចំណែកឯលោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប (ស្តីទី) និងលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក៏ពុំទាន់អាចសុំការបំភ្លឺបាននៅឡើយដែរ ដោយសារប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបាន។

ដោយឡែក លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានមានប្រសាសន៍យ៉ាងខ្លីក្នុងលក្ខណៈមិនសូវច្បាស់លាស់ថា ករណីនេះកំពុងស្ថិតក្នុងនីតិវិធី និងមានការសម្របសម្រួលគ្នាបញ្ចប់រឿងហើយ។

បញ្ហានេះបានបង្កឱ្យមានមន្ទិលសង្ស័យក្នុងចំណោមសាធារណជន អំពីតម្លាភាពនៃការអនុវត្តច្បាប់ ជាពិសេសចំពោះការប្រើប្រាស់អាវុធខុសបច្ចេកទេស និងការប្រើប្រាស់អំណាចតួនាទីក្នុងពេលមានឥទ្ធិពលជាតិស្រវឹង។ មហាជនបានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀង ក៏ដូចជាក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ស្របតាមគោលការណ៍នីតិរដ្ឋ និងការពារកិត្តិយសរបស់ស្ថាប័ននគរបាលជាតិទាំងមូល៕

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *