(KPDNEWS – ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំបូកសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ដោយផ្ដោតលើសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសកម្មភាពចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ការជំរុញយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងការបញ្ជាក់ជំហរច្បាស់លាស់លើបញ្ហាព្រំដែន និងសេរីភាពសារព័ត៌មាន។
កាលពីព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ ជិត ១,០០០នាក់។ ក្នុងឱកាសនោះ សម្តេចតេជោបានរំលេចនូវមរតកនៃ «នយោបាយឈ្នះ-ឈ្នះ» ដែលបានប្រែក្លាយខេត្តកំពង់ស្ពឺពីសមរភូមិសង្គ្រាម មកជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពលបំផុតរបស់កម្ពុជា។ សម្តេចបានសង្កត់ធ្ងន់លើវិធានការណ៍ក្តៅចំពោះ «ក្មេងទំនើង» ដោយគាំទ្រការបញ្ជូនពួកគេឱ្យទៅបម្រើការងារសាងសង់លេណដ្ឋានការពារព្រំដែន ដែលជាយុទ្ធសាស្ត្រពហុប្រយោជន៍ ទាំងការអប់រំកែប្រែ និងការចូលរួមការពារបូរណភាពទឹកដី។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែឧសភា។ សម្តេចធិបតីបានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែគឺជា «សរសៃឈាមសេដ្ឋកិច្ច» មិនអាចខ្វះបានក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ទោះបីជាមានការប្រឈមខ្លះៗនៅតំបន់ព្រំដែនជាមួយប្រទេសជិតខាង និងស្ថានភាពសេដ្ឋកិច្ចសកលដែលមិនប្រាកដប្រជា ក៏រាជរដ្ឋាភិបាលនៅតែបន្តជំរុញការកែទម្រង់ផ្ទៃក្នុង និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ដើម្បីធានាថាភាពធន់នៃសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ។
ចំពោះបញ្ហាដែនសមុទ្រ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការសោកស្តាយ ប្រសិនបើភាគីថៃសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU-2001) ជាឯកតោភាគី។ អ្នកនាំពាក្យបានបញ្ជាក់ថា MOU នេះ គឺជាយន្តការផ្លូវច្បាប់អន្តរជាតិដ៏ល្អបំផុតសម្រាប់ដោះស្រាយវិវាទក្នុងតំបន់ត្រួតស៊ីគ្នា និងការទាញយកផលប្រយោជន៍រួម។ កម្ពុជានៅតែរក្សាជំហរដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងឈរលើមូលដ្ឋានច្
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ យោងតាមសារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សេរីភាពសារព័ត៌មានត្រូវតែដើរទន្ទឹមនឹងការទទួលខុសត្រូវ ជាពិសេសក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបម្រើឱ្យរបៀបវារៈទុច្ចរិត បំផ្លាញសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។



















