(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីជំនាញបសុព្យាបាល បានបង្ក្រាបនិងដកហូតស្លាបមាន់បង្កកចំនួន ៥២៨គីឡូក្រាម ដែលលួចនាំចូលតាមច្រករបៀងខុសច្បាប់ពីប្រទេសថៃ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត ដោយកម្លាំងចម្រុះបានស្ទាក់ឃាត់រថយន្ត Toyota Camry មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ក្នុងអំឡុងពេលបង្ក្រាប អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវវត្ថុតាងដែលដឹកជញ្ជូនខុសបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត។
យោងតាមបញ្ជារបស់ ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានបន្តនីតិវិធីយកស្លាបមាន់បង្កកទាំងនោះទៅដុតកម្ទេចចោលទាំងស្រុង នៅចំណុចដីឡូត៍ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីការពារសុខភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សេងៗដែលបង្កឡើងដោយផលិតផលសាច់គ្មានគុណភាព។




















