**(រាជធានីភ្នំពេញ)៖** នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាសហអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃអគ្គស្នងការដ្ឋាននគរបាលជាតិសរុបប្រមាណជាង ១៥០ នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការស្តីទីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីទស្សនៈវិស័យវែងឆ្ងាយក្នុងការចែករំលែកចំណេះដឹង ដើម្បីលើកកម្ពស់សមត្ថភាព និងតម្រង់ទិសលើការងារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍បន្ថែមថា៖ «ប្រធានបទនាថ្ងៃនេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ពួកយើងទាំងអស់គ្នាក្នុងការបើកទ្វារឆ្ពោះទៅរកការគ្រប់គ្រងសាធារណមតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់សភាពការណ៍ និងមានគុណភាព»។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ កត់ត្រា និងចូលរួមពិភាក្សាដោះដូរមតិយោបល់ ដើម្បីជាប្រយោជន៍ដល់ការអនុវត្តតួនាទីភារកិច្ចនាពេលអនាគត។
ក្នុងសុន្ទរកថាបើក និងបទបង្ហាញតម្រង់ទិស ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត គឺជាបេសកកម្មអាទិភាពរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖
១. ពង្រឹងការយល់ដឹងឱ្យបានស៊ីជម្រៅពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន។
២. ចែករំលែកបទពិសោធជាក់ស្តែងលើការគ្រប់គ្រងព័ត៌មានក្នុងបរិបទសង្គមឌីជីថល។
៣. បង្កើនជំនាញវិជ្ជាជីវៈដល់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មានឱ្យកាន់តែមានភាពបុរេសកម្ម។
៤. កសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែស្អិតរមួតរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ដើម្បីធានាបាននូវសង្គតិភាពនៃព័ត៌មានជូនសាធារណជន។
គួររំលឹកផងដែរថា ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ែន បូណា បានរៀបចំសិក្ខាសាលា បាឋកថា និងវគ្គបណ្តុះបណ្តាលសរុបចំនួន ៥៣ លើក ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ១៨ ១២០ នាក់។ នេះជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខព័ត៌មាន និងការអភិវឌ្ឍន៍សង្គមជាតិ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
សិក្ខាសាលានេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយផ្លែផ្កា ដែលជាគ្រឹះដ៏រឹងមាំក្នុងការបន្តបេសកកម្មបម្រើសាធារណជន តាមរយៈការផ្ដល់ព័ត៌មានពិត និងទាន់ហេតុការណ៍ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កអស្ថិរភាពដល់សង្គមជាតិ៕
**KPDNEWS – ព័ត៌មានពិត ដើម្បីសន្តិភាព និងការអភិវឌ្ឍ**




















