(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង (អាគារ B) មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ ជលវិទ្យា ជលគតិ និងការវាយតម្លៃផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសន្តិសុខមាត់ច្រាំង។
អង្គសិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមអមដំណើរដោយ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាអភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងសុន្ទរកថាបើកអង្គពិធី ឯកឧត្តម អាន ពេជ្រហត្ថដា បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានខ្សាច់ មិនមែនត្រឹមតែជាការទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវឈរលើមូលដ្ឋានបច្ចេកទេសជលវិទ្យា (Hydrology) និងជលគតិ (Hydrodynamics) ឱ្យបានច្បាស់លាស់។ ឯកឧត្តមបានបន្តថា ការសិក្សាអំពីចរន្តទឹក និងការប្រែប្រួលសណ្ឋានដីបាតទន្លេ គឺជាកត្តាចាំបាច់បំផុត ដើម្បីបង្ការគ្រោះថ្នាក់នៃការបាក់ច្រាំង និងការប្រែប្រួលរំហូរទឹក ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ប្រជាពលរដ្ឋ។
ស្របជាមួយគ្នានេះដែរ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តព្រៃវែង បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសខេត្តព្រៃវែង ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសនេះ។ ឯកឧត្តមបានរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពអាជីវកម្មខ្សាច់ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវធានាថា រាល់ប្រតិបត្តិការទាំងអស់ត្រូវតែអនុលោមតាមច្បាប់ជាធរមាន និងមិនបង្កការរំខានដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋឡើយ។
ក្នុងអង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញពីអ្នកជំនាញផ្នែកជលវិទ្យា អំពីផលប៉ះពាល់អវិជ្ជមាននៃការបូមខ្សាច់ខុសលក្ខណៈបច្ចេកទេស ដែលអាចបណ្តាលឱ្យមានការប្រែប្រួលគុណភាពទឹក និងប៉ះពាល់ដល់ជម្រកត្រី។ អ្នកចូលរួមទាំងអស់ក៏បានពិភាក្សាដោះដូរយោបល់យ៉ាងផុសផុល លើការអនុវត្តយន្តការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាព និងការឆ្លើយតបចំពោះបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ។
ជាកិច្ចបញ្ចប់នៃកម្មវិធី អង្គសិក្ខាសាលាបានបង្ហាញនូវក្តីរំពឹងថា បន្ទាប់ពីវគ្គផ្សព្វផ្សាយនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងម្ចាស់អាជីវកម្មនឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពី “អាជីវកម្មបៃតង” ដែលផ្តោតលើតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ ដើម្បីឧត្តមប្រយោជន៍ជាតិ និងវិបុលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល។
រាយការណ៍ដោយ៖ ក្រុមការងារនិពន្ធ KPDNEWS




















