[ភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦] – យោងតាមសេចក្ដីបំភ្លឺជាផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចេញលិខិតកោះហៅ លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីមកធ្វើការសាកសួរ និងបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ពីភាពមិនប្រក្រតី ក្នុងការអនុវត្តនីតិវិធីនាំខ្លួនឈ្មោះ អ៊ុត អេន ហៅ សុវណ្ណ ចិន្ដា។
ការចំណាត់ការតាមផ្លូវរដ្ឋបាល និងវិន័យកងកម្លាំងនេះ បានកើតឡើងបន្ទាប់ពីឈ្មោះ សុវណ្ណ ចិន្ដា បានបង្ហោះឃ្លីបវីដេអូតាមបណ្ដាញសង្គម ដោយបានធ្វើការចោទប្រកាន់ថា លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន បានដឹកនាំប្រតិបត្តិការឃាត់ខ្លួនរូបលោក ក្នុងករណីដែលលោកអះអាងថាជាការ “ធ្វើស៊ី” ពាក់ព័ន្ធនឹងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណផុតសុពលភាព និងការកោះហៅខុសទីលំនៅជាក់ស្ដែង ដើម្បីស្នើសុំគោលការណ៍ឃាត់ខ្លួនពីតំណាងអយ្យការ។ ក្នុងវីដេអូនោះ ឈ្មោះ សុវណ្ណ ចិន្ដា ក៏បានចោទប្រកាន់បន្ថែមថា រូបលោកត្រូវបង្ខំចិត្តបង់ប្រាក់ចំនួន ១៤,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពឡើងវិញ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបកស្រាយថា កាលពីពេលថ្មីៗនេះ ឈ្មោះ សុវណ្ណ ចិន្ដា ពិតជាត្រូវបាននាំខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ១៧៩ អយក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង” បន្ទាប់ពីសាមីខ្លួនបានអវត្តមានមិនចូលខ្លួនតាមលិខិតកោះហៅចំនួន ៣ លើក។
ក្នុងសេចក្ដីបំភ្លឺដដែលបានសង្កត់ធ្ងន់ថា ការដោះលែងឈ្មោះ សុវណ្ណ ចិន្ដា គឺជាលទ្ធផលនៃការសម្របសម្រួលរវាងភាគីបង្ក និងមេធាវីតំណាងដើមបណ្ដឹង ដោយមានការព្រមព្រៀងសងសំណងជំងឺចិត្ត និងធ្វើលិខិតសុំទោសជាសាធារណៈ។ នាយកដ្ឋានបានអះអាងថា លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន មិនមានការជាប់ពាក់ព័ន្ធក្នុងការទទួលប្រាក់សំណងរវាងភាគីទាំងពីរនោះឡើយ។
ទោះជាយ៉ាងណា ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើនីតិវិធីជំនាញរបស់លោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានបញ្ជាក់ជំហរថា ប្រសិនបើលទ្ធផលអង្កេតរកឃើញថា មន្ត្រីរូបនេះពិតជាបានប្រព្រឹត្តខុសនីតិវិធី ឬមានការកំហុសវិជ្ជាជីវៈមែននោះ ក្រសួងនឹងអនុវត្តវិន័យកងកម្លាំងយ៉ាងតឹងរ៉ឹងបំផុត ស្របតាមគោលការណ៍ “វះកាត់សាច់ស្អុយ” ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕




















