[ភ្នំពេញ, ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦] – ក្នុងកិច្ចប្រតិបត្តិការការពារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងការអនុវត្តច្បាប់តាមបន្ទាត់ព្រំដែន នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តចំនួនពីរគ្រឿង ដែលសង្ស័យថាបានលួចដឹកសាច់បង្កកនាំចូលដោយខុសច្បាប់ ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។
យោងតាមរបាយការណ៍បឋម កិច្ចប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការសម្របសម្រួលបច្ចេកទេសពី លោក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី។ ក្នុងនោះដែរ ក៏មានការចូលរួមសហការយ៉ាងជិតស្និទ្ធពីសំណាក់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត និងមន្ត្រីការិយាល័យគយ និងរដ្ឋាករបាក់ដៃផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញសាច់បង្កកដែលត្រូវបានលាក់ទុកក្នុងរថយន្តទាំងពីរគ្រឿង សរុបចំនួន ៣៨៨កេស ដែលមានទម្ងន់ស្មើនឹង ៣,០៤២ គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានគេសង្ស័យថា ជាការនាំចូលដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងមិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសអនាម័យពីស្ថាប័នជំនាញ ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់។
ផ្អែកតាមនីតិវិធីច្បាប់ និងដោយមានការឯកភាព ក៏ដូចជាការណែនាំពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបានសម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកទាំងនោះ ទៅធ្វើការដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសម្រាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីបង្ការកុំឱ្យមានការចរាចរលើទីផ្សារបន្តទៀត។
បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធកំពុងបន្តនីតិវិធីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់មធ្យោបាយដឹកជញ្ជូន និងអ្នកពាក់ព័ន្ធតាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់អាជីវករទាំងអស់ សូមប្រកបរបរដោយសុចរិត និងត្រូវគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ ដោយជៀសវាងការនាំចូលទំនិញខុសច្បាប់ និងគ្មានគុណភាព៕




















