**(រាជធានីភ្នំពេញ)៖** ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ពពលី ដើម្បីជាការតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងជួយសម្រួលដល់ការរស់នៅឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសដ៏វិយោគនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពទាំងអស់។ ថ្នាក់ដឹកនាំកំពូលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងមិនដែលបំភ្លេចនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ដែលបានពលីក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនឡើយ។
ទន្ទឹមនឹងការប្រគល់ផ្ទះថ្មី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលរួមមានថវិកាឧបត្ថម្ភ សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានភាពកក់ក្តៅ និងមានស្ថិរភាព។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា យើងគ្រប់គ្នានឹងចងចាំជានិច្ចនូវវីរភាព និងការលះបង់ឥតរុញរារបស់វីរកងទ័ព។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី តែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ព ដោយឈរលើគោលការណ៍ «មិនបោះបង់នរណាម្នាក់ចោល»។ ការលើកកម្ពស់ជីវភាព និងការរស់នៅរបស់គ្រួសារកងទ័ព ដើម្បីបន្តរួមចំណែកអភិវឌ្ឍកម្ពុជា គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលសរបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវខ្ពស់ក្នុងនាមរាជរដ្ឋាភិបាលផង និងក្នុងនាមជាសមាជិកគ្រួសារវីរកងទ័ព ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។
សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជាបង្អែកដ៏រឹងមាំក្នុងការការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ ក្រុមគ្រួសារវីរកងទ័ពពលី បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែនៅក្បែរ និងផ្តល់ភាពកក់ក្តៅដល់ពួកគេគ្រប់កាលៈទេសៈ៕




















