[ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ | ម៉ោង ១៣:៣៣] –
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារត្រៀមរៀបចំផ្នែកព័ត៌មាន សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហការ និងការសម្របសម្រួលការងាររួម ជាពិសេសការរៀបចំយន្តការផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចុះយកព័ត៌មាន និងរាយការណ៍អំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ភារកិច្ចគន្លឹះដែលត្រូវបានលើកយកមកពិភាក្សារួមមាន ការសម្របសម្រួលនីតិវិធីចុះឈ្មោះ ការទទួលបដិសណ្ឋារកិច្ចអ្នកសារព័ត៌មាន ការផ្តល់ប្រភពព័ត៌មានផ្លូវការ ការរៀបចំមណ្ឌលព័ត៌មាន (Media Center) និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យការផ្សព្វផ្សាយប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។
យោងតាមការគ្រោងទុក ក្នុងព្រឹត្តិការណ៍ដ៏មហោឡារិកនេះ នឹងមានវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង ១.២០០នាក់ មកពីជិត ៤០ប្រទេស នឹងអញ្ជើញមកយកព័ត៌មានដោយផ្ទាល់អំពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមស្មារតីសាមគ្គីភាពនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ទន្ទឹមនឹងការសម្របសម្រួលអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងអង្គការ OIF ក៏បានពិភាក្សាលើការជំរុញវិសាលភាពនៃការផ្សព្វផ្សាយឱ្យបានសុះសាយទៅកាន់តំបន់នានាជុំវិញសកលលោក តាមរយៈដៃគូផ្សព្វផ្សាយផ្លូវការ រួមមានស្ថានីយទូរទស្សន៍ TV5 Monde របស់បារាំង ដែលមានទស្សនិកជនប្រមាណ ៤០០លាននាក់ និងស្ថានីយទូរទស្សន៍ Africa 24 ដែលមានអ្នកទស្សនាជាង ៨០លាននាក់នៅទ្វីបអាហ្វ្រិក រួមជាមួយបណ្តាញសារព័ត៌មានអន្តរជាតិធំៗដទៃទៀត។
ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចសហការនេះមិនត្រឹមតែជួយពង្រីកឥទ្ធិពលនៃកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីកិត្យានុភាពជាតិ វប្បធម៌ដ៏រុងរឿង សក្តានុពលសេដ្ឋកិច្ច និងសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិកម្រិតពិភពលោកនេះ ទៅកាន់ឆាកអន្តរជាតិផងដែរ៕
អត្ថបទ៖ KPDNEWS
រូបថត៖ ឡុង ដេវីត




















