[ខេត្តព្រៃវែង, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ | ម៉ោង ១៣:៣៣] –
នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» នៃសាលាខេត្តព្រៃវែង ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្ត និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំ អង្គពិធីបានធ្វើការពិនិត្យ និងអនុម័តលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤។
២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ និងការកំណត់ទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។
៣. ពិនិត្យ និងអនុម័តលើការកំណត់តម្លៃជាក់លាក់ និងការលើកលែងការបង់កម្រៃសេវា ផ្នែកការងារនីត្យាកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) និងការកំណត់តម្លៃសេវាជាក់លាក់ផ្នែកការងាររដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រៃវែង ដើម្បីបង្កលក្ខណៈងាយស្រួល និងតម្លាភាពក្នុងការផ្តល់សេវាជូនសាធារណជន។
៤. ស្តាប់សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ព្រមទាំងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះ គណៈអធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលបានអនុវត្តការងារយ៉ាងសកម្មនាពេលកន្លងមក ជាពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕




















