ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុះតម្រង់ទិសការងារសាធារណៈមតិ និងជំរុញយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្ត្រី និងអ្នកផលិតមាតិកានៅខេត្តក្រចេះ

ចេញផ្សាយ៖ ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ | ម៉ោង ១៣:៣៣
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តក្រចេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិ ព្រមទាំងការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ជំហានទី២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តក្រចេះ រួមជាមួយអ្នកផលិតមាតិកា (Content Creators) ក្នុងខេត្តយ៉ាងច្រើនកុះករ ដើម្បីពង្រឹងយន្តការផ្សព្វផ្សាយ និងការគ្រប់គ្រងព័ត៌មានឱ្យស្របតាមបរិបទឌីជីថល។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ខ្ពស់នៃការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ក្នុងយុគសម័យបច្ចុប្បន្នដែលព័ត៌មានភាគច្រើនត្រូវបានទទួលតាមរយៈបណ្ដាញសង្គម ការវិវត្តយ៉ាងរហ័សនៃព័ត៌មានបាននាំមកនូវទាំងគុណសម្បត្តិ និងបញ្ហាប្រឈម ជាពិសេសការរីករាលដាលនៃព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលសង្គម ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ក្នុងស្មារតីបង្កើនប្រសិទ្ធភាពការងារ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីជំនាញ និងអ្នកផលិតមាតិកាទាំងអស់ ត្រូវចូលរួមសហការឱ្យបានសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីបន្តផ្សព្វផ្សាយព័ត៌មានឱ្យទៅដល់ដៃប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។ ការងារនេះមានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានជ្រាបនូវរាល់សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន សុខាភិបាល អប់រំ និងកសិកម្ម ដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំកែលម្អឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីនៃមន្ទីរព័ត៌មានខេត្តក្រចេះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាស់តឿនឱ្យមន្ត្រីទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ឱ្យស្របទៅតាមសម័យកាលបរិវត្តកម្មឌីជីថល និងត្រូវខិតខំដុសខាត់ចំណេះដឹងដើម្បីយកមកអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងនាមជាអ្នកនាំសារពិតរបស់រដ្ឋជូនដល់សាធារណជន៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *