**ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦** – ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កា និងស្មារតីមិត្តភាពដ៏ល្អប្រសើរជាមួយសមភាគីម៉ាឡេស៊ី គឺឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ជំនួបដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់បំផុតចំពោះតួនាទីដ៏សំខាន់ យុទ្ធសាស្ត្រ និងមានប្រសិទ្ធភាពរបស់ប្រទេសម៉ាឡេស៊ី ដែលបានដើរតួជាអ្នកសម្របសម្រួលដ៏គួរឱ្យទុកចិត្តមួយរូប ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះព្រំដែនប្រកបដោយសន្តិវិធី រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ការចូលរួមដោយផ្ទាល់របស់ម៉ាឡេស៊ីកាលពីពេលកន្លងទៅ គឺជាសក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គីភាពអាស៊ាន និងការប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកដទៃ។
ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះតួនាទីប្រវត្តិសាស្ត្រនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះប្រទេសម៉ាឡេស៊ី ដែលបានបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់។ លោកបានគូសបញ្ជាក់ថា ភាពជាប្រធានរបស់ម៉ាឡេស៊ី បានសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្តជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ និងច្បាស់លាស់ដល់ស្ថិរភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន។
ភាគីទាំងពីរបានឯកភាពគ្នាជាថ្មី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការអប់រំ។ ជំនួបពិភាក្សាការងារក្រៅផ្លូវការនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាពហុភាគី។




















