ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាតិ។

ក្នុងជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានលើកឡើងពីគោលនយោបាយអាទិភាពចំនួន ៤ របស់ធនាគារ រួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់, ការអភិវឌ្ឍបច្ចេកវិទ្យា និងការជំរុញវិស័យឯកជន។ លោកជំទាវបានបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់បំផុតមួយ ហើយ AIIB ប្ដេជ្ញាបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នានាឱ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការតែងតាំងលោកជំទាវជាប្រធាន AIIB និងបានគូសបញ្ជាក់ថា គោលនយោបាយរបស់ធនាគារ គឺមានសង្គតិភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបានសង្កត់ធ្ងន់លើគោលដៅជំរុញថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងការលើកកម្ពស់វិស័យឡូជីស្ទិក ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យ AIIB បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងនានាឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *