(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសជាផ្លូវការនូវការរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំឆ្នាំ «សង្ក្រាន្តព្រៃវែង ២០២៦» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាជាតិនិយមក្នុងការគាំទ្រដល់វីរកងទ័ពការពារព្រំដែន និងការងារមនុស្សធម៌ផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៦» ត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។ ការរៀបចំនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
នៅក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តព្រៃវែង និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីយ៉ាងសម្បូរបែបដែលរួមមាន៖ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ការប្រគុំតន្ត្រីសម័យ ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងការបង្ហោះគោមតាមបែបប្រពៃណី។
ជាចំណុចពិសេស និងមានអត្ថន័យជ្រាលជ្រៅនៃព្រឹត្តិការណ៍ឆ្នាំនេះ រដ្ឋបាលខេត្តនឹងរៀបចំពិធីតាមបែបសាសនាដូចជា ការពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ និងការបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ស្របជាមួយគ្នានេះ ក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ រដ្ឋបាលខេត្តនឹងបន្តដំណើរការ «មូលនិធិខេត្តព្រៃវែង» ដើម្បីកៀងគរការបរិច្ចាគពីសប្បុរសជន អាជីវករ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ថវិកា និងសម្ភារៈដែលទទួលបានពីការសទ្ធាជ្រះថ្លានេះ នឹងត្រូវប្រើប្រាស់ដើម្បី៖
១. ឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែន។
២. ជួយសង្គ្រោះដល់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា ដែលខ្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
រដ្ឋបាលខេត្តព្រៃវែង សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីរាជការ និងបងប្អូនជនរួមជាតិ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមឱ្យបានកុះករ ដើម្បីរួមគ្នាលើកកម្ពស់វប្បធម៌ជាតិ កិត្យានុភាពជាតិ និងបង្ហាញពីសក្តានុពលដ៏វិសេសវិសាលនៃខេត្តព្រៃវែង។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៦ នេះ នឹងក្លាយជាវេទិកានៃការសប្បាយរីករាយផង និងជាការបង្ហាញសន្តានចិត្តដ៏សប្បុរសរបស់ខ្មែរជួយខ្មែរ ក្នុងសករាជថ្មីនៃសន្តិភាព និងការអភិវឌ្ឍ៕




















