អគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរទណ្ឌិតក្មេងទំនើង ៧៩០នាក់ ទៅអនុវត្តទោសនៅខេត្តជាប់ព្រំដែន ដើម្បីលត់ដំខ្លួន និងចូលរួមការងារសមរភូមិមុខ

[ភ្នំពេញ, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦] –

យោងតាមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលបំណងពង្រឹងការអប់រំកែប្រែ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាយុវជន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងសរុបចំនួន ៧៩០នាក់ ទៅកាន់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅក្នុងខេត្តជាប់ព្រំដែន។

យោងតាមប្រភពព័ត៌មានផ្លូវការ ស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការគ្នារៀបចំការបញ្ជូនទណ្ឌិតទាំងនោះ ដើម្បីឱ្យទៅបម្រើការងារជួយដល់ជួរមុខ ជាពិសេសក្នុងការងារពុម្ពលេណដ្ឋាន និងសកម្មភាពផ្សេងៗដែលសមស្រប ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងកងវិស្វកម្ម។

ក្នុងចំណោមទណ្ឌិតទាំង ៧៩០នាក់ (ភេទប្រុស) ដែលត្រូវបានផ្ទេរចេញពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត មានចំនួន ៦៥១នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី៤ (ស្ថិតក្នុងខេត្តពោធិ៍សាត់) និងចំនួន ១៣៩នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ។

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារបានគូសបញ្ជាក់ថា ការផ្ទេរទណ្ឌិតទាំងនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការអប់រំកែប្រែ និងការលត់ដំខ្លួនតាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជាក់ស្តែង។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យពួកគេទទួលបានជំនាញផ្ទាល់ខ្លួនសម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការចូលរួមចំណែកក្នុងសកម្មភាពដែលមានប្រយោជន៍សម្រាប់ជាតិ មាតុភូមិ នៅតាមតំបន់សមរភូមិមុខផងដែរ។

គួរបញ្ជាក់ផងដែរថា វិធានការនេះត្រូវបានមតិសាធារណៈជនមើលឃើញថា ជាយន្តការថ្មីមួយក្នុងការទប់ស្កាត់សកម្មភាពក្មេងទំនើងក្នុងសង្គម និងការបង្វែរទិសដៅយុវជនដែលធ្លាប់ខុសឆ្គង ឱ្យមកក្លាយជាកម្លាំងចលករដែលមានប្រយោជន៍ដល់កិច្ចការពារជាតិ និងការអភិវឌ្ឍតាមព្រំដែនវិញ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *