[រដ្ឋធានីវ៉ាស៊ីនតោន] – ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកឧត្តមនាវីឯក Brad Cooper មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសពីជោគជ័យដ៏ធំធេងនៃប្រតិបត្តិការយោធាដែលមានឈ្មោះថា «Epic Fury» ឬ «កំហឹងវីរជន» ដែលបានឈានចូលដល់ថ្ងៃទី៦ ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មកលើសហរដ្ឋអាមេរិក។
ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ៖
-
ការវាយប្រហារចំគោលដៅយុទ្ធសាស្ត្រ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក បានវាយប្រហារលើគោលដៅជិត ២០០ កន្លែង នៅជ្រៅក្នុងទឹកដីអ៊ីរ៉ង់ រួមទាំងតំបន់ក្បែរទីក្រុងតេអេរ៉ង់ផងដែរ។
-
ការប្រើប្រាស់គ្រាប់បែកទម្លុះលេណដ្ឋាន៖ ក្នុងរយៈពេលត្រឹមតែមួយម៉ោងចុងក្រោយ យន្តហោះទម្លាក់គ្រាប់បែកអាថ៌កំបាំង B-2 បានទម្លាក់គ្រាប់បែកប្រភេទ Bunker Buster ទម្ងន់ ២,០០០ ផោន រាប់សិបគ្រាប់ ដើម្បីកម្ទេចទីតាំងបាញ់បង្ហោះមីស៊ីលបាលីស្ទិកដែលបង្កប់ក្រោមដី។
-
ការវាយកម្ទេចប្រព័ន្ធបញ្ជាការអាកាស៖ សហរដ្ឋអាមេរិកបានវាយប្រហារលើអ្វីដែលគេស្គាល់ថាជា «បញ្ជាការដ្ឋានអវកាស» របស់អ៊ីរ៉ង់ ដែលជាចំណុចស្នូលនៃបច្ចេកវិទ្យាគំរាមកំហែងរបស់ប្រទេសនេះ។
ប្រសិទ្ធភាពនៃយុទ្ធនាការ៖
បើប្រៀបធៀបទៅនឹងថ្ងៃដំបូងនៃប្រតិបត្តិការ លោកឧត្តមនាវីឯក Brad Cooper បានបញ្ជាក់ពីតួលេខដ៏គួរឱ្យកត់សម្គាល់៖
-
ការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ធ្លាក់ចុះ ៩០%។
-
ការវាយប្រហារដោយដ្រូន (Drone) ធ្លាក់ចុះ ៨៣%។
«អំណាចប្រយុទ្ធរបស់សហរដ្ឋអាមេរិកកំពុងកើនឡើង ខណៈដែលសមត្ថភាពប្រយុទ្ធរបស់អ៊ីរ៉ង់កំពុងចុះខ្សោយជាលំដាប់»។ នេះជាការលើកឡើងរបស់លោក Brad Cooper។
ទោះជាយ៉ាងណាក៏ដោយ លោកមេបញ្ជាការរូបនេះបានសង្កត់ធ្ងន់ថា កងកម្លាំងសហរដ្ឋអាមេរិកនៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ទោះបីជាសមត្ថភាពវាយបករបស់គូសត្រូវត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក៏ដោយ។
រក្សាសិទ្ធិដោយ KPD News




















