**(បរទេស)៖** យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាបានបន្តឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ បណ្តាប្រទេសជាអ្នកជិតខាង រួមមានសហព័ន្ធអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្របារ៉ែន បានប្រកាសពីការរកឃើញ និងការធ្វើអន្តរាគមន៍ស្ទាក់ចាប់នូវគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក (Drones) ដែលបានហោះចូលក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។
យោងតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៃទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម បានឱ្យដឹងថា កម្លាំងការពារអាកាសបានធ្វើការស្ទាក់ចាប់ដោយជោគជ័យនូវវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ។ ទោះជាយ៉ាងណា កម្ទេចកម្ទីដែលសេសសល់ពីការស្ទាក់ចាប់នោះ បានធ្លាក់ទៅលើអគារមួយកន្លែងនៅកណ្តាលក្រុងឌូបៃ។ ការិយាល័យព័ត៌មានក្រុងឌូបៃបានបញ្ជាក់នៅវេលាម៉ោង ៧:០០ ព្រឹក (ម៉ោងក្នុងស្រុក) ថា ហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះអគ្គិភ័យ ឬបណ្តាលឱ្យមានមនុស្សរងរបួសនោះឡើយ។
ដោយឡែក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក៏បានចេញសេចក្តីថ្លែងការណ៍អំពីការវាយប្រហារតាមអាកាសជាច្រើនរលកនៅពាក់កណ្តាលអាធ្រាត្រនេះផងដែរ។ តាមសេចក្តីរាយការណ៍ ក្រសួងបានធ្វើការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ១៩ គ្រឿង ដែលក្នុងនោះ ១៦ គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់ភាគខាងកើត និងមីស៊ីលបាលីស្ទីកចំនួន ១ គ្រាប់ ដែលតម្រង់ទិសដៅមកកាន់តំបន់ Al-Kharj ស្ថិតនៅភាគកណ្តាលនៃប្រទេស។
ស្របពេលជាមួយគ្នានេះ នៅក្នុងព្រះរាជាណាចក្របារ៉ែន សញ្ញាអាសន្នត្រូវបានបន្លឺឡើងនៅទូទាំងប្រទេសក្រោយវេលាម៉ោង ១:០០ នាទីរំលងអធ្រាត្រ។ ក្រសួងមហាផ្ទៃនៃប្រទេសបារ៉ែន បានចេញសេចក្តីណែនាំជាបន្ទាន់ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យស្វែងរកជម្រកនៅទីតាំងដែលមានសុវត្ថិភាពបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុពីការវាយប្រហារតាមអាកាស។
ផ្អែកលើស្ថានភាពប្រកបដោយហានិភ័យខ្ពស់នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ បានចេញបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនមានភារកិច្ចចាំបាច់ រួមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងស្នាក់នៅក្នុងប្រទេសអូម៉ង់ ត្រូវធ្វើការជម្លៀសចេញជាបន្ទាន់។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ និងមន្ត្រីការទូតអាមេរិក ចំពោះមុខសន្តិសុខតំបន់ដែលមានភាពមិនប្រាកដប្រជា។
សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិបត្តិនេះ ដោយបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងខិតខំដោះស្រាយបញ្ហាតាមរយៈយន្តការការទូត ដើម្បីបញ្ចៀសការរាលដាលនៃជម្លោះ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពសកលលោកទាំងមូល៕
—
**ការិយាល័យព័ត៌មាន KPDNEWS**
*រាយការណ៍ដោយ៖ ក្រុមការងារផ្នែកទំនាក់ទំនងការទូត និងសន្តិសុខអន្តរជាតិ*




















