ជប៉ុន៖ ចំនួនអ្នកស្លាប់កើនដល់ ៣៨នាក់ ក្នុងគ្រោះរញ្ជួយដីកម្លាំង ៧,១ រ៉ិចទ័រ ខណៈការស្ដារឡើងវិញប្រឈមភាពលំបាក
សហគមន៍នានានៅភាគនិរតីនៃប្រទេសជប៉ុន កំពុងប្រឈមមុខនឹងដំណើរការស្ដារឡើងវិញដ៏វែងឆ្ងាយ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្លាំង ៧,១ រ៉ិចទ័រ កាលពីថ្ងៃអង្គារកន្លងទៅ។ យោងតាមរបាយការណ៍ពីអាជ្ញាធរគិតត្រឹមថ្ងៃអាទិត្យនេះ តួលេខអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៣៨នាក់ ខណៈមនុស្សប្រមាណ ៩.២២៦នាក់ទៀត នៅបន្តស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅឡើយ។
នៅក្នុងខេត្ត Kumamoto ផ្ទះសម្បែងប្រមាណ ១.៥០០ខ្នង ត្រូវបានបញ្ជាក់ថាខូចខាតធ្ងន់ធ្ងរ និងពលរដ្ឋជាង ៩.៥០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ជាមួយគ្នានោះ គ្រោះអគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះផ្សារទំនើបក្នុងក្រុង Kashima បណ្ដាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត និង ៥នាក់រងរបួស ក្នុងចំណោមមនុស្ស ១២នាក់ ដែលក្រុមអ្នកជួយសង្គ្រោះបានទាញចេញពីគំនរបាក់បែក។
ដោយឡែក នៅទីក្រុង Yatsushiro មានករណីដួលរលំបំពង់ផ្សែងក្នុងរោងចក្រក្រដាស Nippon បណ្ដាលឱ្យមនុស្ស ១១នាក់ជាប់គាំង ដែលក្នុងនោះមានតែ ២នាក់ប៉ុណ្ណោះត្រូវបានរកឃើញថាមានជីវិត។ ចំពោះករណីបុរសចំណាស់ម្នាក់ដែលគេរកឃើញសន្លប់ក្រោមជញ្ជាំងបាក់រលំក្នុងក្រុង Uki អាជ្ញាធរកំពុងធ្វើការកំណត់ឱ្យច្បាស់ថា តើវាជាផលប៉ះពាល់ដោយផ្ទាល់ពីគ្រោះរញ្ជួយដីនេះឬយ៉ាងណា ដើម្បីផ្ដល់ជំនួយសង្គ្រោះឱ្យចំគោលដៅ។




















