ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងសន្តិសុខថាមពល និងឆ្លើយតបទៅនឹងបម្រែបម្រួលនៃទីផ្សារឥន្ធនៈសកល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយអនុប្រធានក្រុមហ៊ុន TotalEnergies ដើម្បីពិនិត្យលើស្ថានភាពផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិភូមិសាស្ត្រនយោបាយ។
យោងតាមការបញ្ជាក់នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសនៃជំនួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនថាមពលយក្សរបស់បារាំង TotalEnergies ភាគីទាំងពីរបានធ្វើការវាយតម្លៃយ៉ាងស៉ីជម្រៅលើតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ថាមពលក្នុងតំបន់។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ចម្បងមួយនៅក្នុងប្រទេសវៀតណាម និងឥណ្ឌា តំណាងក្រុមហ៊ុន TotalEnergies បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយសារភាពតានតឹងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ (LPG) នៅលើឆាកអន្តរជាតិ។
ក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កានេះ អនុប្រធានក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ថា ទោះបីជាតម្លៃប្រេងម៉ាស៊ូត និងសាំងមានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែស្ថានភាពនៃលទ្ធភាពផ្គត់ផ្គង់នៅមានភាពល្អប្រសើរជាងឧស្ម័ន LPG ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពឱនភាពកម្រិតខ្ពស់។ ក្នុងន័យនេះ ក្រុមហ៊ុនបានផ្តល់អនុសាសន៍ និងអំពាវនាវដល់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបង្កើនការយកចិត្តទុកដាក់លើការសន្សំសំចៃក្នុងការប្រើប្រាស់ឧស្ម័ន LPG តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីរួមចំណែករក្សាស្ថិរភាពថាមពលក្នុងអំឡុងពេលនៃវិបត្តិនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការជួយគាំទ្រដល់កម្ពុជា ក៏ដូចជាការផ្តល់នូវព័ត៌មានទាន់ហេតុការណ៍អំពីបម្រែបម្រួលទីផ្សារ។ ទោះបីជាមានការប្រែប្រួលខ្លាំងនៃតម្លៃថាមពលសកលក៏ដោយ កម្ពុជានៅតែបន្តតាមដានយ៉ាងសកម្មនូវរាល់ការវិវឌ្ឍនានា ដើម្បីធានាថាផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតអប្បបរមា។
ជាកិច្ចបញ្ចប់ ក្រុមហ៊ុន TotalEnergies បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្នុងការធានាឱ្យបាននូវការផ្គត់ផ្គង់ឥន្ធនៈជូនដល់សាធារណជន ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិថាមពលសកលយ៉ាងណាក្តី៕




















