**ភ្នំពេញ/កណ្តាល៖** សេចក្តីរាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាញប្រតិបត្តិការល្បែងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់ បានសម្រេចចិត្តដកហូតតំណែងលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ (អត្តលេខ ៥៧៣១៥) ចេញពីតួនាទីជាប្រធានតំបន់ “ពារាំង” របស់ខ្លួន ហើយត្រៀមដាក់អ្នកថ្មីមកជំនួសវិញ។ ការផ្លាស់ប្តូរតំណែងដ៏រសើបនេះ ត្រូវបានគេអះអាងថា បានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
យោងតាមការបង្ហើបពីប្រភពដែលស្និទ្ធនឹងប្រតិបត្តិការបណ្តាញល្បែងស៊ីសងខុសច្បាប់ នេះបានឲ្យដឹងថា មូលហេតុចម្បងនៃការសម្រេចចិត្តដកហូតតំណែងលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ គឺបន្ទាប់ពីសារព័ត៌មានបានចុះផ្សាយចំៗអំពីសកម្មភាពបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ដែលត្រូវបានគេអះអាងថា ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ជាប្រធានតំបន់នោះ។ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ហេតុការណ៍បានផ្ទុះឡើងខ្លាំងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីការផ្សព្វផ្សាយអំពីបណ្តាញល្បែងឆ្នោតវៀតណាមដែលកំពុងរីករាលដាលយ៉ាងគំហុកក្នុងមូលដ្ឋានស្រុកទាំងពីរ។ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ពិតជាបានចុះអនុវត្តវិធានការបង្ក្រាបទីតាំងផ្ទះជួល ដែលគេសង្ស័យថាជាស្នាក់ការល្បែងរបស់បណ្តាញគ្រប់គ្រងដោយលោក វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។
ក្នុងប្រតិបត្តិការបង្ក្រាបដ៏ផុសផុលនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ២ គ្រឿង ដែលគេសង្ស័យថា ជាមធ្យោបាយរបស់បុគ្គលិកបម្រើការងារក្នុងបណ្តាញល្បែងស៊ីសងខុសច្បាប់នោះ យកទៅរក្សាទុក។ ស្របពេលជាមួយគ្នានោះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាម “ពារាំង” ក៏ត្រូវបានគេរាយការណ៍ថា បានចល័តបុគ្គលិករបស់ខ្លួនឲ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានតំបន់ “ល្វាឯម” វិញ។
គិតមកដល់បច្ចុប្បន្ន ម៉ូតូរបស់បុគ្គលិកឆ្នោតទាំង២គ្រឿងនោះ នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់កម្លាំងនគរបាលនៅឡើយ ស្របពេលដែលការដកហូតតំណែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រូវបានអះអាងថា បានចូលជាធរមានហើយ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ តទៅ។
**ចំណាំ៖** ល្បែងស៊ីសងគ្រប់ប្រភេទ លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល គឺជាអំពើខុសច្បាប់ដែលត្រូវហាមឃាត់ជាដាច់ខាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។




















