អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិសិលាខ្មែរ ដើម្បីពង្រឹងសន្តិភាព និងការអនុវត្តបទឈប់បាញ់

**(រាជធានីភ្នំពេញ)៖** នៅថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីសកម្មភាពការទូតយោធាដ៏សំខាន់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team – AOT) ដែលដឹកនាំដោយប្រធានបេសកកម្ម (HOM AOT) មកពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តំបន់នេះគឺជាទីតាំងដែលប្រជាពលរដ្ឋកម្ពុជាបានបង្កបង្កើនផល និងអាស្រ័យផលជាយូរអង្វែងមកហើយ ហើយក៏ជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ដោយស្របច្បាប់ ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ បានចូលជាធរមាន កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បេសកកម្មនេះ ក៏មានគោលបំណងពិនិត្យលើការគោរព និងការអនុវត្តវិធានការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ផងដែរ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ជាថ្មីនូវជំហរដាច់ខាត និងមិនងាករេរបស់កម្ពុជាថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន ពុំមានសមត្ថកិច្ចក្នុងការចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះឡើយ។ រាល់ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិ ត្រូវតែធ្វើឡើងដោយក្រុមវាស់វែងចម្រុះ (JSTs) ក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរតែប៉ុណ្ណោះ។

បន្ថែមលើនេះ ភាគីកម្ពុជាបានប្រកាសបដិសេធ និងមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ណាដែលធ្វើឡើងផ្ទុយពី៖

– អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម។

– ផែនទីដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម។

– កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម។

– កំណត់ហេតុរបស់គណៈកម្មការ JBC, អនុស្សរណៈនៃ ការយោគយល់គ្នា (MOU 2000) និងលក្ខខណ្ឌការងារ (TOR 2003)។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធា ទោះក្នុងអតីតកាល បច្ចុប្បន្ន ឬអនាគតក្តី។ ជាមួយគ្នានេះ កម្ពុជាសូមស្នើជំរុញឱ្យភាគីថៃ ឯកភាពក្នុងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែង និងពន្លឿនការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធី។

ជាចុងក្រោយ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឆន្ទៈនេះ គឺដើម្បីឆ្ពោះទៅរកការវិលត្រឡប់ទៅរកប្រក្រតីភាព ស្ថិរភាព និងការកសាងតំបន់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍យូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *