**ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញពិនិត្យវឌ្ឍនភាពនៃការរៀបចំ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**

**(ខេត្តព្រៃវែង)៖** នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារនៃការតុបតែងលម្អតាមទីតាំងសំខាន់ៗ និងទស្សនាការដាក់បង្ហាញផលិតផលក្នុងស្រុកតាមស្តង់ពិព័រណ៍នានា ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំតុបតែងលម្អសោភ័ណភាព និងការរៀបចំស្តង់ពិព័រណ៍ ដែលបានដំណើរការទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” គឺក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏រុងរឿងរបស់ជាតិ ព្រមទាំងបង្កលក្ខណៈសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តក្នុងទឹកដីខេត្តព្រៃវែង។

ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានអញ្ជើញទស្សនាការដាក់បង្ហាញផលិតផលក្នុងស្រុក (ភូមិមួយ ផលិតផលមួយ) ដែលជាស្នាដៃរបស់ប្រជាកសិករ និងសិប្បករក្នុងខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដាក់បង្ហាញផលិតផលក្នុងស្រុកនាឱកាសនេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងផ្សព្វផ្សាយនូវសក្តានុពលនៃផលិតផលខ្មែរទៅកាន់សាធារណជន ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាថាព្រឹត្តិការណ៍សង្ក្រាន្តនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សុខសន្តិភាព និងមានសិរីសួស្តី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ នឹងមានការរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណីជាច្រើន រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងធ្វើឱ្យបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែមានភាពអធិកអធម និងមានអត្ថន័យជ្រាលជ្រៅសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង៕

**KPDNEWS – ព័ត៌មានពិត វិជ្ជាជីវៈ និងការអភិវឌ្ឍ**

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *