[ភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ | ម៉ោង ១៤:១៦] –
រាជធានីភ្នំពេញ៖ អង្គភាពសារព័ត៌មាន កំចាយមាផុសដេលី (KPDNEWS) សូមធ្វើការប្រកាសបដិសេធទាំងស្រុង និងធ្វើការបំភ្លឺជូនសាធារណជននូវអង្គហេតុពិត ពាក់ព័ន្ធនឹងការផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីឈ្មោះ “Heng Rika” ដែលបានធ្វើការចោទប្រកាន់មកលើភ្នាក់ងារសារព័ត៌មានយើង ក្នុងចេតនាបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន។

យោងតាមអង្គហេតុដែលបានកើតឡើង ភ្នាក់ងារសារព័ត៌មាន KPDNEWS រួមជាមួយសហការីពីអង្គភាពដទៃទៀត បានចុះទៅដល់ទីតាំងគោលដៅ ក្នុងគោលបំណងបំពេញភារកិច្ចវិជ្ជាជីវៈ ដើម្បីសាកសួរ និងសម្ភាសន៍អំពីដំណើររឿងដែលស្ត្រីម្ចាស់គណនីខាងលើ ធ្លាប់បានស្នើសុំកិច្ចអន្តរាគមន៍ផ្សព្វផ្សាយពីបញ្ហាប្រឈមដែលគាត់បានជួបប្រទះ។ ក៏ប៉ុន្តែ ផ្ទុយពីការសហការ ម្ចាស់គណនីរូបនេះបែរជាធ្វើការថតវីដេអូ និងចោទប្រកាន់ភ្នាក់ងារយើងថាបានជួលមនុស្សឱ្យតាមដានរូបគាត់ ដោយលើកឡើងនូវភស្តុតាងមិនច្បាស់លាស់ និងការរៀបរាប់ក្នុងរូបភាពបំផ្លើសខុសពីការពិត។
អង្គភាព KPDNEWS សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ភ្នាក់ងាររបស់យើងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ យើងមិនមានពេលវេលា ឬចេតនាណាមួយក្នុងការរំលោភសិទ្ធិឯកជនរបស់បុគ្គលណាម្នាក់ឡើយ ដ្បិតភ្នាក់ងារយើងម្នាក់ៗសុទ្ធតែមានភារកិច្ចមមាញឹកក្នុងការស្វែងរកព័ត៌មាន និងប្រកបមុខរបរផ្ទាល់ខ្លួន (ដូចជាការដឹកជញ្ជូនអ្នកដំណើរជាដើម) ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។
ក្នុងនាមជាអង្គភាពសារព័ត៌មានដែលចុះបញ្ជីស្របច្បាប់ យើងសូមដាក់ឱសានវាទដល់ម្ចាស់គណនី Heng Rika ឱ្យបញ្ចេញភស្តុតាងជាក់លាក់ណាមួយ ដែលសបញ្ជាក់ថាភ្នាក់ងារយើងមានសកម្មភាពខុសប្រក្រតី ឬរំលោភបំពានច្បាប់នៅក្នុងបរិវេណលំនៅឋានរបស់ខ្លួន។ ក្នុងករណីមិនមានភស្តុតាងត្រឹមត្រូវ អង្គភាពយើងនឹងរៀបចំឯកសារផ្លូវការដើម្បីប្តឹងចោទប្រកាន់ពី “បទបរិហារកេរ្តិ៍ជាសាធារណៈ” និង “ចេតនាទុច្ចរិត” ដែលបង្កឱ្យមានការភាន់ច្រឡំដល់សាធារណមតិ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ អង្គភាព KPDNEWS សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយពិនិត្យ និងមានចំណាត់ការតាមនីតិវិធីច្បាប់ឱ្យបានឆាប់រហ័ស ដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចដោយសុច្ចរិតភាព។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជៀសវាងការចែកចាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់។




















