**ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យករណីសំណង់រឹងដែលសង្ស័យថាបានសង់រំលោភចូលផ្ទៃទឹកទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ**

**(រាជធានីភ្នំពេញ)៖** ក្តីកង្វល់ពាក់ព័ន្ធនឹងការសាងសង់សំណង់រឹង ដែលត្រូវបានគេសង្ស័យថាបានរំលោភបំពានលើផ្ទៃទឹក និងដីចំណីទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងក្លាយជាចំណុចដៅនៃការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យ ដើម្បីធានាបាននូវការគោរពច្បាប់សំណង់ និងការការពារសម្បត្តិសាធារណៈរបស់រដ្ឋ។

យោងតាមការផ្តល់ព័ត៌មាន និងការចុះពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុដោយអង្គភាពសារព័ត៌មានយើងខ្ញុំ បានសង្កេតឃើញថា មានសំណង់រឹងមួយកន្លែងដែលកំពុងដំណើរការសាងសង់យ៉ាងច្បាស់ក្រឡែត ដោយមានលក្ខណៈសង់លូកចូលទៅក្នុងផ្ទៃទឹកនៃដីទន្លេបាសាក់។ សកម្មភាពនេះត្រូវបានមជ្ឈដ្ឋានជុំវិញយល់ឃើញថា អាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់ចរន្តទឹក ក៏ដូចជាសោភ័ណភាព និងការគ្រប់គ្រងដីចំណីទន្លេដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋបានគោរពសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសគោរពស្នើសុំចំពោះ **ឯកឧត្តម ឃួង ស្រ៊េង** អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យ និងវាយតម្លៃលើបច្ចេកទេស ក៏ដូចជាច្បាប់អនុញ្ញាតសាងសង់នៅទីតាំងខាងលើនេះឱ្យបានច្បាស់លាស់។ ការស្នើសុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ភូមិបាល និងច្បាប់ស្តីពីសំណង់ ដើម្បីជៀសវាងការយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។

យោងតាមមាត្រានៃច្បាប់ភូមិបាល និងបទបញ្ជាស្តីពីការគ្រប់គ្រងដីចំណីទន្លេ ច្រាំងទន្លេ និងផ្ទៃទឹក គឺជាសម្បត្តិសាធារណៈរបស់រដ្ឋដែលត្រូវរក្សាទុកជាប្រយោជន៍រួម។ ដូច្នេះ ការសាងសង់ណាមួយដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬការសាងសង់រំលោភបំពានលើទីតាំងហាមឃាត់ ត្រូវតែមានការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងនិរន្តរភាពបរិស្ថានធម្មជាតិ។

អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាននូវព័ត៌មានវិវឌ្ឍជុំវិញករណីនេះ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាបន្តទៀត ក្នុងស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ ក្រោមម្លប់នៃសន្តិភាព និងនីតិរដ្ឋ។

**ការិយាល័យនិពន្ធ KPDNEWS**។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *