**រដ្ឋបាលស្រុកមេសាង ចុះពង្រឹងសណ្ដាប់ធ្នាប់សាធារណៈនៅផ្សារពោធិ៍កន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ**

**(ខេត្តព្រៃវែង)៖** ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកមេសាង ដឹកនាំដោយ លោក ឈឿង សារ៉ាន់ អភិបាលរងស្រុក ទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈ បានចុះអនុវត្តវិធានការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅបរិវេណផ្សារពោធិ៍កន្លែង ដែលស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

សកម្មភាពនេះត្រូវបានអនុវត្តឡើងដោយមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ដើម្បីសម្របសម្រួលដល់អាជីវករដែលកំពុងប្រកបរបរលក់ដូរឱ្យស្របតាមបទដ្ឋានបច្ចេកទេស អនាម័យ និងសោភ័ណភាព សំដៅបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងការទិញទំនិញរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ឈឿង សារ៉ាន់ អភិបាលរងស្រុកមេសាង មានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ រដ្ឋបាលស្រុកបានចុះរុះរើតូបលក់ដូរមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ឡុញ រ៉ន ដែលបានសាងសង់លើសពីកំណត់នៃសារាចរណែនាំរបស់រដ្ឋបាលខេត្ត។ លោកបានបន្តថា យោងតាមខ្លឹមសារនៃកិច្ចប្រជុំ និងការសម្រេចរបស់រដ្ឋបាលខេត្ត គឺអនុញ្ញាតឱ្យមានការរៀបចំត្រឹមតែ ០៦ តូបប៉ុណ្ណោះ ប៉ុន្តែម្ចាស់តូបខាងលើពុំមានឈ្មោះនៅក្នុងបញ្ជីកំណត់ឡើយ។

លោកអភិបាលរងស្រុក បានសង្កត់ធ្ងន់ថា៖ «អាជ្ញាធរមូលដ្ឋានបានធ្វើការជូនដំណឹង និងណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ដល់ម្ចាស់តូបខាងលើឱ្យរុះរើដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីដែលរដ្ឋបាលរៀបចំជូន ប៉ុន្តែសាមីខ្លួនពុំមានការអនុវត្តតាមការណែនាំឡើយ។ ហេតុដូច្នេះ ដើម្បីធានាបាននូវសមភាព និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព រដ្ឋបាលស្រុកចាំបាច់ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលបានអនុម័តរួចជាស្ថាពរ»។

ទន្ទឹមនឹងនេះ លោក ឈឿង សារ៉ាន់ ក៏បានបន្តទៀតថា រដ្ឋបាលស្រុកពុំមានបំណងប្រើប្រាស់វិធានការរឹងត្អឹងនោះទេ ប៉ុន្តែការរៀបចំសណ្ដាប់ធ្នាប់សាធារណៈគឺជាកាតព្វកិច្ចចាំបាច់ ដើម្បីផលប្រយោជន៍រួមរបស់សង្គម ពិសេសគឺធានាបាននូវសុវត្ថិភាពសម្រាប់អាជីវករ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងអ្នកមកប្រើប្រាស់សេវាកម្មក្នុងផ្សារនេះផ្ទាល់តែម្តង។

ជាកិច្ចបញ្ចប់ អាជ្ញាធរស្រុកមេសាង ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមបន្តចូលរួមសហការជាមួយរដ្ឋបាលមូលដ្ឋាន ក្នុងការថែរក្សាអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដើម្បីប្រែក្លាយផ្សារពោធិ៍កន្លែង ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសហគមន៍មួយ ដែលមានភាពទាក់ទាញ និងប្រកបដោយសុវត្ថិភាពខ្ពស់ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕


**រក្សាសិទ្ធិដោយ KPDNEWS ២០២៦**

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *