ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបការងារខេត្តព្រៃវែង ជំរុញទិសដៅថ្មីសម្រាប់ឆ្នាំ២០២៦

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ អាគារ(A) សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវប្រតិភូអមដំណើរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត រួមទាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់របស់រដ្ឋបាលខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងឆ្នាំ២០២៥។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជាផ្នែកមួយនៃការលើកទិសដៅសម្រាប់ឆ្នាំ២០២៦ ឯកឧត្តមបានណែនាំឱ្យរដ្ឋបាលខេត្តបន្តពង្រឹងការងារអភិបាលកិច្ចល្អ ជំរុញការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយត្រូវយកចិត្តទុកដាក់ជាអតិបរមាលើការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ទូទាំងខេត្ត។
Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *