**កម្ពុជាពង្រឹងយុទ្ធសាស្ត្រកម្ចាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ តំណាងរាស្ត្រចាត់ទុកជា «មហន្តរាយធ្ងន់ធ្ងរ» ដែលទាមទារកម្លាំងសរុបដើម្បីការពារកិត្យានុភាពជាតិ**

**[ភ្នំពេញ – KPDNEWS]** ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិសុខសង្គម និងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយ ដើម្បីឈានទៅលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមជាសកល។

នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ ក្នុងឱកាសពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា» លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យជ្រាលជ្រៅ ដោយបានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនវិធានការបង្ក្រាបឱ្យបានដាច់ខាតនូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ។

ក្នុងប្រសាសន៍ដ៏ម៉ឺងម៉ាត់ លោកស្រីបានលើកឡើងនូវទស្សនៈប្រៀបធៀបដែលគួរឱ្យតក់ស្លុតថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសភាពគ្រោះថ្នាក់លើសពីមហន្តរាយផ្សេងៗដែលពិភពលោកធ្លាប់ជួបប្រទះ។ លោកស្រីបានបញ្ជាក់ថា៖ *«បទល្មើសនេះកាចសាហាវជាងគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញតែអ្នកសេព ប៉ុន្តែការឆបោកតាមអនឡាញបំផ្លាញសេចក្តីសង្ឃឹមរបស់មនុស្សគ្រប់រូប។ វាមានឥទ្ធិពលអាក្រក់ជាងគ្រាប់បែកបរមាណូ ដែលកម្ទេចតែទីតាំងណាមួយ និងកាចសាហាវជាងជំងឺកូវីដ-១៩ ដែលឆក់យកជីវិតមនុស្សទៅទៀត»*។

តំណាងរាស្ត្ររូបនេះបានបន្ថែមថា បទល្មើសនេះមិនត្រឹមតែជាការលួចប្លន់ទ្រព្យសម្បត្តិដែលពលរដ្ឋខំប្រឹងរកដោយញើសឈាមប៉ុណ្ណោះទេ ប៉ុន្តែវាបានរុញច្រានជនរងគ្រោះឱ្យធ្លាក់ក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ការសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដែលជាសោកនាដកម្មសង្គមមិនអាចមើលរំលងបាន។

ពាក់ព័ន្ធនឹងយុទ្ធសាស្ត្របង្ក្រាប លោកស្រី ឡោក ខេង បានសង្កេតឃើញថា ទោះបីជាកន្លងមក កងកម្លាំងអនុវត្តច្បាប់បានវាយកម្ទេចបង្កង់បទល្មើសធំៗជាច្រើនក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនបានបំប្លែងរូបភាពមកជាទ្រង់ទ្រាយតូចៗ និងបែកខ្ញែក ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋទាំង ១៧លាននាក់ ក្នុងការផ្តល់ព័ត៌មាន និងសហការជាមួយអាជ្ញាធរ ដើម្បីបង្កើតជាចលនាជាតិមួយក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មនេះឱ្យអស់ពីទឹកដីកម្ពុជា។

ផ្អែកតាមខ្លឹមសារនៃច្បាប់ដែលត្រូវបានអនុម័ត កម្ពុជានឹងដាក់ចេញនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មាន។ ចំពោះមេខ្លោងដែលរៀបចំ ឬដឹកនាំបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ ឬមួយជីវិត រួមទាំងការរឹបអូសទ្រព្យសម្បត្តិដែលមិនអាចបញ្ជាក់ពីប្រភពច្បាស់លាស់។ លើសពីនេះ ច្បាប់ថ្មីក៏បានកំណត់ការទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់អចលនទ្រព្យ ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ទីតាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយចែងថា ប្រសិនបើម្ចាស់ទីតាំងមិនអាចបង្ហាញភស្តុតាងនៃ «ភាពស្អាតស្អំ» ឬការមិនដឹងកិច្ចការទាំងនោះទេ ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

ការសម្រេចចិត្តដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់របស់កម្ពុជា ក្នុងការកសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព ស្របតាមនិយាមអន្តរជាតិ ដើម្បីស្ដារ និងលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងធានាបាននូវជំនឿទុកចិត្តពីវិនិយោគិន និងភ្ញៀវទេសចរបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាឡើងវិញ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *