ចរាចរណ៍នាវាតាមច្រកសមុទ្រ Hormuz ចាប់ផ្ដើមកើនឡើងវិញ ខណៈសហរដ្ឋអាមេរិកបន្តការបិទខ្ទប់កងទ័ពជើងទឹក

(មជ្ឈិមបូព៌ា)៖ យោងតាមទិន្នន័យដឹកជញ្ជូនថ្មីៗ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្ហាញសញ្ញានៃការកើនឡើងវិញជាបណ្តើរៗ បន្ទាប់ពីការអនុវត្តការបិទខ្ទប់កងទ័ពជើងទឹក ក៏ប៉ុន្តែតួលេខនេះនៅមានកម្រិតទាបខ្លាំងនៅឡើយ បើធៀបនឹងគ្រាមុនវិបត្តិ។

ក្រុមហ៊ុនតាមដាននាវា Marine Insight បានរាយការណ៍ថា មាននាវាជាង ២០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ ទោះបីជាតួលេខនេះបង្ហាញពីការងើបឡើងវិញខ្លះក៏ដោយ ប៉ុន្តែវាស្ថិតនៅក្រោមចំនួននាវាធម្មតាប្រហែល ១៥០ គ្រឿងក្នុងមួយថ្ងៃ ដែលធ្លាប់ឆ្លងកាត់មុនពេលមានវិបត្តិបិទផ្លូវទឹក។ សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការបិទខ្ទប់កងទ័ពជើងទឹកលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃច័ន្ទ ទី១៣ ខែមេសា ដើម្បីរារាំងការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោក។

ទោះបីជាមានការរឹតបន្តឹងពីសហរដ្ឋអាមេរិក ក្រុមហ៊ុន Lloyd’s List បានកត់សម្គាល់ឃើញនាវាដឹកប្រេងអ៊ីរ៉ង់យ៉ាងហោចណាស់ ៨ គ្រឿងបានចូលទៅក្នុងឈូងសមុទ្រ Persian ចេញពីសមុទ្រអូម៉ង់។ ទន្ទឹមនឹងនេះ ក្រោមការសម្របសម្រួលផ្នែកការទូតពីប្រទេសប៉ាគីស្ថាន នាវាដឹកប្រេងដែលមានទង់ជាតិប៉ាគីស្ថាន និងនាវាដឹកប្រេងរបស់ក្រុមហ៊ុន ADNOC ដែលផ្ទុកប្រេង ៤៤០,០០០ បារ៉ែល បានឆ្លងកាត់ច្រកសមុទ្រដោយជោគជ័យឆ្ពោះទៅកាន់កំពង់ផែ Karachi។

យោងតាមរបាយការណ៍ចុងក្រោយរបស់ OPEC ការរំខានការនាំចេញតាមច្រកសមុទ្រ Hormuz នេះ បានបណ្តាលឱ្យផលិតកម្មប្រេងរបស់អារ៉ាប់រួមធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ៤៤% (មកនៅត្រឹមក្រោម ១.៩ លានបារ៉ែលក្នុងមួយថ្ងៃ) ក្នុងអំឡុងខែមីនាកន្លងទៅនេះ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *