ក្រសួងសម្ងាត់អ៊ីរ៉ង់ប្រកាសពីការបង្ក្រាបក្រុមប្រតិបត្តិការដែលសង្ស័យថាជាបណ្តាញរបស់ទីភ្នាក់ងារ Mossad ក្នុងខេត្តមួយចំនួន

ក្រសួងព័ត៌មាន និងសន្តិសុខជាតិអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថាជាស្ថាប័នសន្តិសុខដ៏សំខាន់មួយ បានប្រកាសពីការបង្ក្រាប និងកម្ទេចក្រុមប្រតិបត្តិការចំនួនពីរ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល នៅក្នុងខេត្តមួយចំនួននៃប្រទេសអ៊ីរ៉ង់។

តាមការអះអាងរបស់ក្រសួងខាងលើ ក្រុមប្រតិបត្តិការមួយដែលមានសមាជិក ៤ នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខេត្ត West Azerbaijan។ ក្រុមនេះត្រូវបានសង្ស័យថាមានផែនការរៀបចំអ្វីដែលអាជ្ញាធរអ៊ីរ៉ង់ហៅថា «ប្រតិបត្តិការភេរវកម្មប្រឆាំងនឹងមជ្ឈមណ្ឌលរសើប» និង «ការធ្វើឃាតបុគ្គលម្នាក់នៅក្នុងទីក្រុងតេហេរ៉ង់»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា មានបុគ្គលម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខ ក្នុងប្រតិបត្តិការបង្ក្រាបនោះ។

ជាមួយគ្នានេះ ក្រសួងសម្ងាត់អ៊ីរ៉ង់ក៏បានអះអាងពីការរកឃើញ និងបង្ក្រាបក្រុមសង្ស័យមួយផ្សេងទៀតនៅក្នុងខេត្ត Kerman និងខេត្ត Alborz មុនពេលពួកគេអាចធ្វើសកម្មភាពណាមួយតាមការគ្រោងទុក។

យោងតាមរបាយការណ៍ពីស្ថាប័នដដែល វត្ថុតាងមួយចំនួនត្រូវបានដកហូតពីជនសង្ស័យ រួមមានយន្តហោះដ្រូនខ្នាតតូច (micro-drones) យានយន្តសម្រាប់ដឹកជញ្ជូន កាំភ្លើងខ្លីបំពាក់បំពង់ខ្ទប់សំឡេងចំនួន ៣ ដើម អាវក្រោះការពារគ្រាប់ កាំភ្លើងប្រភេទ Winchester កាំភ្លើងបាញ់ស៊ីប គ្រាប់រំសេវ និងឧបករណ៍ទទួលសញ្ញាអ៊ីនធឺណិត Starlink ផងដែរ។

ដោយឡែក អាជ្ញាធរអ៊ីរ៉ង់ក៏បានរាយការណ៍ពីការចាប់ខ្លួនបុគ្គលម្នាក់ដែលមានឈ្មោះអក្សរកាត់ថា «Masoud-T»។ បុគ្គលរូបនេះត្រូវបានសង្ស័យថាមានបំណងលួចចម្លង និងនាំចេញព័ត៌មានសម្ងាត់ពីមជ្ឈមណ្ឌលយោធាមួយក្នុងខេត្ត Qazvin ទៅក្រៅប្រទេស។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីភាគីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនេះនៅឡើយទេ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *