ក្រុមប្រឹក្សាអាត្លង់ទិកបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់ដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ Jim Jones និងឯកឧត្តម Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ជំនួបនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace)។

ក្នុងឱកាសនៃជំនួបនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអាត្លង់ទិកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យមានកិច្ចពិភាក្សាការងារនេះ។ ឯកឧត្តមឧត្តមសេនីយ៍ Jones និងឯកឧត្តម Kempe បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសអំពីឬសគល់នៃការកើតឡើង ការវិវត្តន៍ជាបន្តបន្ទាប់ យន្តការឆ្លើយតបផ្នែកការទូតរបស់កម្ពុជា ក៏ដូចជាការរួមចំណែកដែលអាចធ្វើទៅបានរបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ជាការឆ្លើយតប សម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក អំពីដំណើររឿង និងការវិវត្តន៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់ពេលបច្ចុប្បន្ន។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីយន្តការសន្តិវិធីដែលកម្ពុជាបានប្រើប្រាស់ជាបន្តបន្ទាប់ ក៏ដូចជាការអត់ធ្មត់ខ្ពស់របស់កម្ពុជាក្នុងការឆ្លើយតប។ ជាមួយគ្នានេះ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហរមុតមាំរបស់កម្ពុជាក្នុងការបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា អ្វីដែលបានជម្រាបជូនមិនមែនជាការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ ប៉ុន្តែជាការពិតដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។ នាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យក្រុមប្រឹក្សាអាត្លង់ទិកជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃនេះទៅកាន់សហគមន៍អន្តរជាតិ។

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាត្លង់ទិកអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ពិភពលោក ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងការពិភាក្សាប្រកបដោយព័ត៌មានត្រឹមត្រូវ។

យោង: កិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, សន្ធិសញ្ញា, និងច្បាប់អន្តរជាតិ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *