ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឱ្យពន្លឿនការផ្ដល់សៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (២០២៤) និងតារាងកើនឡើង-ថយចុះនៃទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២៥។ វិធានការនេះធ្វើឡើងដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 
យោងតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ការរៀបចំបញ្ជីសារពើភណ្ឌនេះ ត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក និងសារាចរលេខ ០៧ សរ ដែលតម្រូវឱ្យគ្រប់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រៀបចំបញ្ជីឆ្នាំគោលរៀងរាល់ ៥ ឆ្នាំម្ដង និងតារាងប្រៀបធៀបការកើនឡើង ឬថយចុះជាប្រចាំឆ្នាំ។ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបញ្ជូនឯកសារទាំងនេះមកកាន់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ដើម្បីតម្កល់ទុក និងធ្វើការត្រួតពិនិត្យ។
ក្រសួងបានកំណត់ឱសានវាទឱ្យរដ្ឋបាលរាជធានី-ខេត្ត បញ្ជូនសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល ២០២៤ និងតារាងឆ្នាំ២០២៥ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ចំពោះឆ្នាំបន្តបន្ទាប់ទៀត ត្រូវបញ្ជូនឱ្យបានរៀងរាល់ត្រីមាសទី២ នៃឆ្នាំនីមួយៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការតាមដានការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាមបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន។




















