យោងតាមរបាយការណ៍ពីស្ថាប័នព័ត៌មាននាវាចរណ៍អន្តរជាតិ Lloyd’s List ដែលបានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ូធី បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមរបស់ខ្លួនពុំមានចេតនា ឬមូលហេតុចាំបាច់ណាមួយក្នុងការរំខានដល់ប្រតិបត្តិការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ចេញពីកំពង់ផែ Yanbu នោះឡើយ។ ការបញ្ជាក់នេះធ្វើឡើងស្របពេលដែលអារ៉ាប៊ីសាអូឌីត បានបង្កើនបរិមាណនៃការដឹកជញ្ជូនប្រេងតាមរយៈកំពង់ផែមួយនេះយ៉ាងខ្លាំងក្លា ដោយបានរុញច្រានចំណែកទីផ្សារនៃការដឹកជញ្ជូនប្រេងតាមសមុទ្រសកលលោករបស់ខ្លួន ឱ្យហក់ឡើងពី ២ ភាគរយ កាលពីឆ្នាំមុន រហូតដល់ ១១ ភាគរយ នាពេលបច្ចុប្បន្ន។
ជាការកត់សម្គាល់ ក្នុងអំឡុងដើមឆ្នាំ ២០២៤ កន្លងទៅ ភាពចលាចលនៅក្នុងតំបន់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab បានកើតមានឡើងជាបន្តបន្ទាប់ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញការលើកឡើងពីលទ្ធភាពនៃការវិលត្រឡប់មកវិញនូវសកម្មភាពវាយប្រហារ ក្នុុងគោលបំណងគាំទ្រដល់សម្ព័ន្ធមិត្តក្នុងតំបន់ ក្រុមហ៊ូធីបានបញ្ជាក់ប្រាប់ Lloyd’s List ថា ពួកគេនៅតែប្រកាន់ខ្ជាប់នូវការគោរពសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិនៅក្នុងដែនទឹកជុំវិញប្រទេសយេម៉ែន និងពុំមានផែនការបង្កការរាំងស្ទះណាមួយឡើយ។
មជ្ឈដ្ឋានអ្នកវិភាគភូមិសាស្ត្រនយោបាយយល់ឃើញថា ជំហរចុងក្រោយរបស់ក្រុមហ៊ូធី គឺជាសញ្ញាណវិជ្ជមានមួយក្នុងការរក្សាស្ថិរភាពទីផ្សារថាមពលសកល និងការកាត់បន្ថយហានិភ័យសន្តិសុខនាវាចរណ៍ បើទោះបីជាស្ថានភាពជារួមនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពផុយស្រួយ និងគួរឱ្យព្រួយបារម្ភក៏ដោយ។
គិតមកទល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅមិនទាន់មានប្រតិកម្មផ្លូវការណាមួយចំពោះការលើកឡើងរបស់ក្រុមហ៊ូធីនៅឡើយទេ ខណៈដែលសហគមន៍អន្តរជាតិនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើរាល់ចលនាដែលប៉ះពាល់ដល់សន្តិសុខសមុទ្រ និងសេដ្ឋកិច្ចពិភពលោក៕




















