ត្រៀមព្រឹត្តិការណ៍ប្រណាំងទូកខេត្តព្រៃវែង! ឯកឧត្តម សួន សុម៉ាលីន នាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនដល់កីឡាករ និងកងកម្លាំង

(ខេត្តព្រៃវែង)៖ នាដរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក “ង” កងកម្លាំងការពារ និងភ្នាក់ងារអនាម័យដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូកខេត្តព្រៃវែង ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អំណោយដែលត្រូវបានចែកជូនដល់ក្រុមទូកទាំង ៨០គ្រឿង រួមមាន៖

១. សម្រាប់ទូកខ្នាតវែង (២១ទូក)៖ ក្នុងមួយទូកទទួលបានថវិកា ៥០០,០០០រៀល, អង្ករ ២០០គីឡូក្រាម, ភេសជ្ជៈចម្រុះ ២០កេស, មី ១០កេស, ត្រីខ ១០យួរ និងគ្រឿងឧបភោគបរិភោគ រួមទាំងអាវ-មួកម្នាក់មួយកំប្លេ។

២. សម្រាប់ទូកខ្នាតអន្តរជាតិ (៥៩ទូក)៖ ក្នុងមួយទូកទទួលបានថវិកា ២៥០,០០0រៀល, អង្ករ ១០០គីឡូក្រាម, ភេសជ្ជៈ ១០កេស, មី ៥កេស និងគ្រឿងឧបភោគបរិភោគ រួមទាំងអាវ-មួកម្នាក់មួយកំប្លេផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ភាពជោគជ័យ និងការថែរក្សាប្រពៃណីជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អាជីវករ និងសប្បុរសជននានា ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តក្នុងការរៀបចំពិធីប្រណាំងទូកឆ្នាំនេះឱ្យកាន់តែអធិកអធម។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *