ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ស្តីពីការត្រៀមលក្ខណៈ និងការចាត់វិធានការថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ។ តាមការព្យាករណ៍ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) នឹងជះឥទ្ធិពលក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ផ្អែកលើស្ថានភាពអាកាសធាតុនេះ ការផ្លាស់ប្តូររបបខ្យល់មូសុងនឹងនាំមកនូវទឹកភ្លៀងក្នុងកម្រិតខ្សោយ អមដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន។ ហេតុនេះ ក្រសួងបានបង្គាប់ឱ្យមន្ទីរធនធានទឹកគ្រប់រាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាប្រភពទឹកនៅតាមអាងទឹក និងបឹងបួឱ្យបានល្អបំផុត។
ជាមួយគ្នានេះ ក្រសួងបានកំណត់ផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ ដោយផ្តល់អាទិភាពទី១ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងអាទិភាពទី២ សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំផ្សេងៗ។
ទន្ទឹមនឹងនេះ អាជ្ញាធរដែនដី និងសាធារណជន ជាពិសេសពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល ត្រូវបានជំរុញឱ្យចូលរួមសហការរក្សាទឹកទុក និងប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបញ្ហាខ្វះខាតទឹកក្នុងរដូវក្តៅខាងមុខ។



















