ចេញផ្សាយ៖ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ | ម៉ោង ១៣:១៧
(ខេត្តកណ្តាល)៖ មានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង ខណៈយុវតីជានិស្សិតឆ្នាំទី២ម្នាក់ បានទទួលមរណភាពជាបន្តបន្ទាប់ ក្រោយរូបនាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលជំងឺគ្រុនក្តៅ នៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ដែលមានទីតាំងស្ថិតក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល។ ករណីនេះកំពុងរងការរិះគន់ និងចោទប្រកាន់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ជុំវិញលក្ខណៈបច្ចេកទេសនៃការបញ្ជូនអ្នកជំងឺ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារ សពជនរងគ្រោះមានឈ្មោះ ប៉ាត់ លីអ៊័រ ភេទស្រី អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ រស់នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមការអះអាងរបស់ឪពុកជនរងគ្រោះ បានឱ្យដឹងថា កូនស្រីរបស់លោកមានអាការៈក្តៅខ្លួនរយៈពេល ៣ថ្ងៃ ទើបនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោកបានបញ្ជូនកូនស្រីទៅពិគ្រោះ និងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា»។
ប្រភពដដែលបន្តថា បន្ទាប់ពីការពិនិត្យឈាម បុគ្គលិកពេទ្យបានបញ្ជាក់ថា កូនស្រីរបស់លោកមាន «ជំងឺគ្រុនឈាម» និងតម្រូវឱ្យសម្រាកព្យាបាលដោយដាក់សេរ៉ូមជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អាការៈអ្នកជំងឺមិនមានសញ្ញាធូរស្រាលឡើយ ពោលគឺវិវត្តទៅជាធ្ងន់ធ្ងរ រហូតមានអាការៈក្អួត និងធ្លាក់ឈាម។ នៅព្រលប់ថ្ងៃទី១០ ខែតុលា ម្ចាស់មន្ទីរសម្រាកព្យាបាលបានណែនាំឱ្យបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលជាចំណុចរិះគន់នោះ គឺគ្រូពេទ្យបានដោះសេរ៉ូមចេញ និងឱ្យបញ្ជូនតាមរថយន្តផ្ទាល់ខ្លួន ដោយពុំមានរថយន្តសង្គ្រោះបន្ទាន់ (Ambulance) ឬឧបករណ៍វេជ្ជសាស្ត្រគាំទ្រតាមផ្លូវឡើយ។
ជនរងគ្រោះត្រូវបានបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នាដងយប់ថ្ងៃដដែល ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ស្ថានភាពអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងហួសពេលសង្គ្រោះទៅហើយ។ លុះមកដល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ គ្រួសារក៏សម្រេចដឹកអ្នកជំងឺត្រឡប់មកផ្ទះវិញ ប៉ុន្តែនាងបានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។
ពាក់ព័ន្ធនឹងករណីនេះ លោកស្រីជាភរិយាម្ចាស់មន្ទីរសម្រាកព្យាបាល «ថុន សីហា» បានបំភ្លឺកាលពីថ្ងៃទី១៧ ខែតុលាថា ស្ថានភាពអ្នកជំងឺពេលនៅក្នុងគ្លីនិក គឺអាចដើរបានធម្មតា ប៉ុន្តែដោយសារពិនិត្យឃើញមានជំងឺគ្រុនឈាម ទើបណែនាំឱ្យបញ្ជូនទៅភ្នំពេញ។ ចំពោះសំណួរដែលថា ហេតុអ្វីមិនប្រើរថយន្តសង្គ្រោះបន្ទាន់ លោកស្រីបានឆ្លើយតបថា ដោយសារឃើញជំងឺមិនទាន់ធ្ងន់ធ្ងរខ្លាំង ហើយការប្រើរថយន្តពេទ្យអាចនឹងចំណាយថវិកាច្រើន។
ជុំវិញបញ្ហានេះ លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ និងបទដ្ឋានបច្ចេកទេស មន្ទីរសម្រាកព្យាបាលឯកជនកម្រិតនេះ មិនត្រូវបានអនុញ្ញាតឱ្យទទួលព្យាបាលជំងឺគ្រុនឈាមឡើយ។ ចំណែកលោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី បានថ្លែងថា លោកនឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវលើករណីនេះឱ្យបានច្បាស់លាស់ ដើម្បីពិនិត្យមើលថាតើមានការរំលោភលើអនុក្រឹត្យ ឬលិខិតបទដ្ឋានគតិយុត្តនៃក្រសួងសុខាភិបាលដែរឬយ៉ាងណា។
សាធារណជន និងក្រុមគ្រួសារសព កំពុងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់របស់មន្ត្រីជំនាញ ទៅលើម្ចាស់មន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីស្វែងរកយុត្តិធម៌ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕




















