កម្ពុជាស្វាគមន៍នាយទាហានជាន់ខ្ពស់ម៉ាឡេស៊ី ក្នុងការចូលរួមបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីពង្រឹងយន្តការសន្តិភាព និងស្ថិរភាពតាមបណ្ដោយព្រំដែន

(ខេត្តសៀមរាប)៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងការថែរក្សាសន្តិភាពប្រកបដោយចីរភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមកដល់នៃនាយទាហានបន្តវេនពីប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងបេសកកម្មមនុស្សធម៌ និងសន្តិសុខជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT)។

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥០នាទី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនចំពោះនាយទាហានម៉ាឡេស៊ីចំនួន ២រូប គឺវរសេនីយ៍ទោ MOHD AMIN BIN BAHAROM និងវរសេនីយ៍ទោ MOHD ERRY BIN DUL TLDM។ ការបញ្ជូននាយទាហានជាន់ខ្ពស់ទាំងពីររូបនេះ គឺជាការឆ្លើយតបយ៉ាងសកម្មក្នុងក្របខណ្ឌអាស៊ាន ដែលដឹកនាំដោយសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដើម្បីបំពេញភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការនានាដែលបានចែងក្នុងសេចក្តីប្រកាសរួម។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា តួនាទី និងអាណត្តិរបស់ក្រុមការងារនេះ គឺជាយន្តការមិនអាចខ្វះបានក្នុងការតាមដានបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ។ កិច្ចខិតខំប្រឹងប្រែងនេះ សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ ស្របតាមគោលការណ៍សន្តិសហវិជ្ជមានក្នុងតំបន់។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយភាពស្មោះត្រង់ ក្នុងការគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធានាឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាព និងការរក្សាសន្តិភាព ស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ។

ជាទីបញ្ចប់ ក្រសួងការពារជាតិកម្ពុជាបានសម្តែងនូវការស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចំណែកក្នុងកិច្ចការសន្តិភាពនេះ ដើម្បីជាឧត្តមប្រយោជន៍ដល់សន្តិសុខតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *