នារីម្នាក់ចោទប្រកាន់អ្នករត់តាក់ស៊ីថា ប៉ុនប៉ងបៀតបៀនរាងកាយ និងប្រើហិង្សា អំឡុងពេលធ្វើដំណើរពីខេត្តស្វាយរៀងមកភ្នំពេញ

ភ្នំពេញ៖ ករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈនារីម្នាក់បានចេញមុខអំពាវនាវរកយុត្តិធម៌ ក្រោយរងការចោទប្រកាន់ថាត្រូវបានអ្នកបើកបរតាក់ស៊ីម្នាក់ ប៉ុនប៉ងបៀតបៀនរាងកាយ និងប្រើអំពើហិង្សាលើរូបនាង អំឡុងពេលធ្វើដំណើរតាមរថយន្តម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-4405 កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។

យោងតាមការរៀបរាប់ពីភាគីដើមបណ្តឹង នាងបានធ្វើដំណើរពីខេត្តស្វាយរៀង ឆ្ពោះមកកាន់តំបន់ចោមចៅ រាជធានីភ្នំពេញ។ ក្នុងចន្លោះផ្លូវ បុរសជាអ្នកបើកបរបានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ រហូតដល់ចំណុចក្បែរព្រលានយន្តហោះថ្មី បុរសរូបនោះបានឈប់រថយន្ត ហើយព្យាយាមលួងលោមបៀតបៀន និងប្រើហិង្សាទះកំផ្លៀងមកលើរូបនាង បន្ទាប់ពីនាងបានបដិសេធមិនព្រមតាមសំណើមិនសមរម្យ។

ក្រោយកើតហេតុ ជនរងគ្រោះបានព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ប៉ុន្តែហាក់មានភាពយឺតយ៉ាវដោយសារបញ្ហាយុត្តាធិការរវាងប៉ុស្តិ៍នគរបាលចោមចៅ ២ និងប៉ុស្តិ៍នគរបាលស្រុកកណ្តាលស្ទឹង។ មកទល់ពេលនេះ ភាគីរងគ្រោះមិនទាន់ទទួលបានដំណោះស្រាយ ឬការកោះហៅបុគ្គលដែលរងការចោទប្រកាន់មកដោះស្រាយនៅឡើយទេ។

អង្គភាពសារព័ត៌មាន KPDNEWS សូមបញ្ជាក់ថា នេះគឺជាការលើកឡើងពីភាគីនារីរងគ្រោះតែម្ខាងប៉ុណ្ណោះ។ យើងខ្ញុំនឹងរង់ចាំការបកស្រាយពីភាគីអ្នកបើកបរជានិច្ច ដើម្បីផ្តល់ភាពយុត្តិធម៌ទាំងសងខាង។ ជាមួយគ្នានេះ សូមដាស់តឿនដល់បងប្អូនស្ត្រីដែលធ្វើដំណើរឆ្ងាយតែម្នាក់ឯង គួរមានការប្រុងប្រយ័ត្នខ្ពស់ និងផ្ញើទីតាំង (Live Location) ឱ្យសាច់ញាតិដឹងជាប្រចាំ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *