(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងសម្តែងនូវកង្វល់យ៉ាងខ្លាំង ចំពោះសកម្មភាពបើកល្បែងស៊ីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចតំបន់ច្រាំងបាក់ ដែលកំពុងដំណើរការយ៉ាងរលូនដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចមូលដ្ឋាន។ ករណីនេះបានបង្កឱ្យមានការសង្ស័យថា តើមានការបើក «ភ្លើងខៀវ» ពីសំណាក់អាជ្ញាធរពាក់ព័ន្ធដែរឬទេ ទើបបានជាទីតាំងល្បែងទាំងនោះអាចបើកចំហរផ្គើននឹងច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» យ៉ាងដូច្នេះ។
យោងតាមប្រភពព័ត៌មាន និងការចុះអង្កេតផ្ទាល់ពីអង្គភាពសារព័ត៌មានយើង បានរកឃើញថា នៅទីតាំងតំបន់ច្រាំងបាក់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ មានការដាក់ពង្រាយម៉ាស៊ីនឆ្នោតឡូតូ និងការភ្នាល់មាន់ជល់តាមទូរទស្សន៍អនឡាញយ៉ាងគគ្រឹកគគ្រេង។ ក្រុមអ្នកញៀនល្បែងទាំងប្រុសទាំងស្រី ក្មេងចាស់ ជួបជុំគ្នាភ្នាល់យ៉ាងអ៊ូអរ ដែលសកម្មភាពនេះមិនត្រឹមតែជាការល្មើសច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដើមចមបង្កឱ្យមានបទល្មើសផ្សេងៗដូចជា ចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាអនាគតកុមារក្នុងសហគមន៍ផងដែរ។
អ្វីដែលជាការកត់សម្គាល់ និងជាចម្ងល់របស់មហាជននោះគឺ ទីតាំងល្បែងទាំងនេះមិនបានលាក់បាំងសកម្មភាពរបស់ខ្លួនឡើយ ពោលគឺដំណើរការដោយចំហរ ហាក់មិនមានការញញើតញញើមចំពោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ២ ទាល់តែសោះ។ ភាពព្រងើយកន្តើយរបស់អាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យមានការចោទប្រកាន់ថា តើទីតាំងនេះបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់មន្ត្រីជំនាញ ទើបបានជាគ្មានវិធានការបង្ក្រាប?
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន KPDNEWS បានព្យាយាមសុំការបំភ្លឺពីលោកវីរៈសេនីយ៍ឯក ម៉ៅ សឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ចំនួនពីរដង ប៉ុន្តែលោកមិនលើកទូរស័ព្ទឡើយ។ ដោយឡែក លោក អ៊ុ រតនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ២ ត្រូវបានក្រុមការងារទាក់ទងបានម្តង ដោយលោកបានឆ្លើយតបយ៉ាងខ្លីថា «ទទួលបាន» ប៉ុន្តែនៅពេលព្យាយាមទាក់ទងជាលើកទីពីរ ដើម្បីសុំព័ត៌មានលម្អិតអំពីវិធានការចុះបង្ក្រាប លោកក៏លែងទទួលទូរស័ព្ទតែម្តង។
ការឆ្លើយតបក្នុងលក្ខណៈមិនច្បាស់លាស់ និងការគេចវេសមិនផ្តល់ព័ត៌មានពីសំណាក់មន្ត្រីអនុវត្តច្បាប់ បានធ្វើឱ្យប្រជាពលរដ្ឋរង់ចាំមើលថា តើថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងមានវិធានការបែបណា ចំពោះភាពអសកម្មរបស់មន្ត្រីក្រោមឱវាទ? ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យ «ដង្កូវទឹក» ទាំងនេះរីកលូតលាស់ វានឹងក្លាយជា «មូស» ដែលជញ្ជក់ឈាម និងបំផ្លាញសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល។
អង្គភាពយើងខ្ញុំ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងចុះស្រាវជ្រាវលើទីតាំងខាងលើ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។




















