(ខេត្តកំពង់ស្ពឺ)៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រឈមនឹងការរារាំង និងបង្កហិង្សាពីសំណាក់ប្រជាពលរដ្ឋមួយក្រុម ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចកំពុងអនុវត្តច្បាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចរថយន្ត។
យោងតាមរបាយការណ៍ ករណីនេះផ្ដើមចេញពីអំពើចោរកម្មលួចរថយន្តម៉ាក Hyundai (3D-0908) កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅស្រុកពាមរក៏ ខេត្តព្រៃវែង។ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងជំនាញបានចំណាយពេលស្រាវជ្រាវជិត ២សប្តាហ៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងរកឃើញទីតាំងទទួលទិញផលចោរកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនោះ ស្រាប់តែមានប្រជាពលរដ្ឋមួយចំនួនបានមកឡោមព័ទ្ធរថយន្តសមត្ថកិច្ច ប្រើប្រាស់រនាំងដែកបិទផ្លូវ និងឈានដល់ការវាយកម្ទេចរថយន្តនគរបាលឱ្យរងការខូចខាតយ៉ាងដំណំ ដើម្បីរារាំងមិនឱ្យនាំខ្លួនជនសង្ស័យចេញ។ ស្ថានភាពតានតឹងនេះបានបង្ខំឱ្យសមត្ថកិច្ចបាញ់កាំភ្លើងឡើងលើដើម្បីការពារខ្លួន និងគ្រប់គ្រងស្ថានការណ៍។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះទង្វើរបស់ប្រជាពលរដ្ឋ ដោយលោកបានបញ្ជាក់ថា សកម្មភាពរារាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋក្នុងពេលសមត្ថកិច្ចបំពេញភារកិច្ច គឺជាអំពើខុសច្បាប់ និងផ្ទុយពីសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ជនសង្ស័យ និងម្ចាស់ទីតាំងទទួលទិញផលចោរកម្ម ត្រូវបានឃាត់ខ្លួនដើម្បីបន្តនីតិវិធីច្បាប់។




















