ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិតជាង ៣ពាន់នាក់ ក្នុងខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ ក្នុងស្មារតីលើកកម្ពស់សិទ្ធិសេរីភាព និងសុខុមាលភាពរបស់កម្លាំងពលកម្មជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ និយោជិត សរុបចំនួន ៣,១០៨នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណក្រុមហ៊ុន អរិន មេនូហ្វេកធីវីង (ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ ដើម្បីសម្តែងនូវការដឹងគុណ និងការគាំទ្រចំពោះបងប្អូនកម្មករ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនកម្មករ និយោជិតទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ «សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ» និងការបង្កើនអត្ថប្រយោជន៍នានាជូនដល់កម្មករ ដើម្បីធានាបាននូវជីវភាពសមរម្យ និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព។

ជាកិច្ចឆ្លើយតប និងដើម្បីបង្កើនភាពស្និទ្ធស្នាល ក្នុងពិធីនេះក៏មានការរៀបចំអាហារសាមគ្គី និងការផ្តល់ជូននូវអំណោយលើកទឹកចិត្តដល់កម្មករ និយោជិតទាំង ៣,១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងថវិកាចំនួន ៤០,០០០រៀល។ ដោយឡែក សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៧៩នាក់ ដែលជាអាទិភាពខ្ពស់នៃគោលនយោបាយគាំពារសង្គម ម្នាក់ៗទទួលបានក្រមា ១ និងថវិកាចំនួន ១៤០,០០០រៀល ដើម្បីជួយសម្រាលបន្ទុកក្នុងកំឡុងពេលមាតុភាព។

ការជួបជុំនាឱកាសនេះ មិនត្រឹមតែជាការអបអរសាទរទិវាពលកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវមហាសាមគ្គីភាពរវាងរាជរដ្ឋាភិបាល និយោជក និងនិយោជិត ក្នុងការរួមគ្នាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឱ្យកាន់តែរីកចម្រើន។ អ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា សកម្មភាពចុះផ្ទាល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បែបនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការកសាងទំនុកចិត្តដល់វិនិយោគិន និងពង្រឹងកម្លាំងផលិតកម្មក្នុងស្រុក។

រដ្ឋបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់ប្រធានមន្ទីរ-អង្គភាពទាំងអស់ ត្រូវបន្តសហការ និងយកចិត្តទុកដាក់លើសេចក្តីត្រូវការរបស់កម្មករតាមបណ្តារោងចក្រនានាក្នុងខេត្ត ដើម្បីធានាថាគ្រប់បញ្ហាប្រឈមត្រូវបានដោះស្រាយទាន់ពេលវេលា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *