(English Below)
រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារមួយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨។ ព្រះរាជសារនេះ មានគោលបំណងចូលរួមអបអរសាទរ និងរំលេចឡើងនូវគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ ដែលជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណកម្ពុជា។ ព្រះរាជសារនេះ ត្រូវបានផ្ញើជូនសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងបងប្អូនជនរួមជាតិទាំងអស់។
យោងតាមព្រះរាជសាររបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានលើកឡើងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ ព្រះអង្គទ្រង់បញ្ជាក់ថា កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក រហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ព្រះមហាក្សត្រទ្រង់បន្តទៀតថា ការប្រារព្ធទិវាវប្បធម៌ជាតិ គឺដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។ ទន្ទឹមនឹងនេះ ព្រះរាជសារបានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
ជាទីបញ្ចប់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានឧទ្ទិសឱ្យទិវាវប្បធម៌ជាតិស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាមទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ ព្រះអង្គក៏បានថ្វាយព្រះពរ និងប្រសិទ្ធពរបវរមហាប្រសើរថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
**HM The King Issues Royal Message on 28th National Culture Day, Emphasizing National Identity and Heritage**
PHNOM PENH – His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of the Kingdom of Cambodia, issued a Royal Message on March 3, 2026, on the occasion of the 28th National Culture Day. The message aims to celebrate and highlight the immense value of national cultural assets, which serve as a robust foundation for Cambodia’s identity. The Royal Message was addressed to the two Supreme Patriarchs, all revered monks, and all Cambodian compatriots.
According to His Majesty’s Royal Message, King Norodom Sihamoni underscored that National Culture Day is a profoundly significant annual event for the Cambodian nation, celebrated to enhance understanding of the immense value of national cultural heritage. His Majesty affirmed that the rich cultural legacy bequeathed by our Khmer ancestors is a strong foundation for Cambodia’s national identity and a winning means for sustainable socio-economic development.
The King further stated that celebrating National Culture Day is intended to foster a sense of patriotism imbued with morality, thereby ensuring social harmony, dignity, and national prestige. Concurrently, the Royal Message encourages citizens to clearly recognize, cherish, preserve, and conserve national culture. Importantly, it also serves as an opportunity to promote the crucial role of the successor generation of youth as a driving force in the conservation, protection, promotion, and development of cultural heritage, customs, and traditions, which constitute the nation’s identity and soul, including the diverse cultures of indigenous communities, to ensure their everlasting stability and longevity.
Concluding His Royal Message, His Majesty King Norodom Sihamoni dedicated National Culture Day to be held in the remembrance of all Cambodian people, in line with the motto: “When culture is lost, the nation is lost; when culture flourishes, the nation prospers.” His Majesty also extended His blessings and best wishes to the two Supreme Patriarchs, all revered monks, and all compatriots, praying for them to be blessed with all the Buddha’s blessings, without fail.




















