រដ្ឋបាលស្រុកកំចាយមារ បើកការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន

[ខេត្តព្រៃវែង]៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំចាយមារ បានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ សម្រាប់ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំចំនួន៤។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាន់ វ៉ាន់ថា អភិបាលរងនៃគណៈអភិបាលស្រុកកំចាយមារ និងមានការសម្របសម្រួលបច្ចេកទេសដោយ លោក វ៉ាន់ សុធា នាយករងទីចាត់ការផែនការ និងគាំទ្រឃុំ-សង្កាត់ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សាន់ វ៉ាន់ថា បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់បណ្ដាក្រុមហ៊ុនដែលឈ្នះការដេញថ្លៃទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងស្ដង់ដាដែលបានកំណត់។ លោកអភិបាលរងក៏បានស្នើឱ្យប្រធានអង្គភាពលទ្ធកម្ម ក៏ដូចជាអ្នកសារព័ត៌មាន ជួយចុះតាមដានត្រួតពិនិត្យ និងផ្ដល់មតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីធានាថា សមិទ្ធផលដែលកើតចេញពីថវិកាមូលនិធិឃុំ-សង្កាត់ នឹងផ្ដល់ប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋ។

ជាលទ្ធផល បណ្ដាក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់តាមឃុំនីមួយៗរួមមាន៖

១. ឃុំដូនកឹង (គម្រោងស្ដារប្រឡាយ និងផ្លូវបេតុង)៖

  • ក្រុមហ៊ុន ជា មករា៖ ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ១៥០ មីលីម៉ែត្រ។

  • ក្រុមហ៊ុន ពេជ្រ ហ៊ីម៖ ទទួលបានគម្រោងស្ដារប្រឡាយទឹក ប្រវែង ១,៨៦០ ម៉ែត្រ (មាត់លើទទឹង ១៨ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ និងជម្រាល ១.៥ ម៉ែត្រ) ព្រមទាំងខ្នងប្រឡាយសងខាងទំហំ ៤ ម៉ែត្រ និងការដាក់លូចំនួន ២ កន្លែង ស្ថិតក្នុងភូមិពោរពីរ និងឃុំបឹងកក់។

២. ឃុំក្របៅ (គម្រោងផ្លូវបេតុង)៖

  • ក្រុមហ៊ុន សាម ស្រ៊ិន៖ ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៥៦៤ ម៉ែត្រ ទទឹង ៤.៥ ម៉ែត្រ និងកម្រាស់ ១៥០ មីលីម៉ែត្រ។

៣. ឃុំក្រញូង (គម្រោងផ្លូវបេតុង និងក្រាលគ្រួសក្រហម)៖

  • ក្រុមហ៊ុន ឈឿន ឆាយ៖ ទទួលបានគម្រោងសាងសង់ផ្លូវបេតុង ប្រវែង ២,៣៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ និងគម្រោងផ្លូវបេតុងអាមេមួយខ្សែទៀត ប្រវែង ៤២៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ។

៤. ឃុំជាច (គម្រោងផ្លូវបេតុង)៖

  • ក្រុមហ៊ុន ជា មករា៖ ទទួលបានគម្រោងសាងសង់ផ្លូវបេតុង ប្រវែង ៧០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ១៥០ មីលីម៉ែត្រ។

កិច្ចប្រជុំដេញថ្លៃនេះ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយបានបញ្ចប់នៅវេលាម៉ោង ០៩:៥០ នាទីព្រឹក ថ្ងៃដដែល ក្នុងបរិយាកាសរីករាយ និងការទទួលខុសត្រូវខ្ពស់៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *